រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន៖ អ៊ុយក្រែនមិនអាចពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិកទេ
កៀវ៖ ប្រមុខការទូតអ៊ុយក្រែន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានថ្លែងថា រដ្ឋាភិបាលអ៊ុយក្រែនរំពឹងនឹងចុះកិច្ចព្រមព្រៀងសហការជាមួយប្រទេសនានាក្នុងសហភាពអឺរ៉ុប សំដៅបន្ដការប្រយុទ្ធតទល់នឹងរុស្ស៊ី បើទោះបីជាលទ្ធផលបោះឆ្នោតឆ្នាំ២០២៤ នឹងក្លាយជាយ៉ាងណាក៏ដោយ។
រដ្ឋមន្ដ្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា និយាយថា យើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ។ ហេតុនេះ យើងកំពុងវិនិយោគទឹកប្រាក់យ៉ាងធំទៅលើការផលិតសព្វាវុធដោយខ្លួនឯង។ ប្រសិនបើប្រទេសលោកខាងលិច មិនអាចយកឈ្នះលើសង្គ្រាមនេះបាន តើពួកគេអាចយកឈ្នះសង្គ្រាមណាមួយបាន? សហរដ្ឋអាមេរិកជាម្ចាស់ជំនួយធំបំផុតរបស់អ៊ុយក្រែន ទាំងផ្នែកសព្វាវុធ និងហិរញ្ញវត្ថុ ក្នុងរយៈពេល ២ឆ្នាំមកនេះ។

យោងតាមរបាយការណ៍ពីមន្ទីរបញ្ចកោណ អាមេរិកបានផ្ដល់ជំនួយក្នុងតម្លៃប្រមាណ ៤៤ពាន់លានដុល្លារមកហើយតាំងពីឆ្នាំ ២០២២។ កាលពីខែមុន ក្នុងសំណើទៅកាន់សភាអាមេរិក បានឱ្យដឹងថា ទីក្រុងកៀវទទួលបានទឹកប្រាក់ជំនួយប្រមាណ ១,១ពាន់លានដុល្លារក្នុងមួយខែ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកហាក់បង្វែរចំណាប់អារម្មណ៍ទៅកាន់អ៊ីស្រាអែលវិញ ក្នុងរយៈពេល១ខែចុងក្រោយនេះ ដែលការណ៍នេះបានធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែនសម្ដែងភាពមិនពេញចិត្ត ហើយព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកមកវិញ តាមរយៈការអញ្ជើញអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកធ្វើទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលថ្មីៗនេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍
