ជាង២​​ទសវត្សរ៍​​ក្នុង​​អំណាច​ លោក​ ពូទីន​ នឹង​​នៅ​តែ​បន្ត​ឈរ​ឈ្មោះ​បោះ​ឆ្នោតឆ្នាំ​ក្រោយ​

​មូស្គូ៖ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​​បាន​រាយការណ៍ផ្ដាច់​មុខ​​កាល​ពី​ថ្ងៃ​អង្គារ​ទី​៧ ខែ​វិច្ឆិកា​ ​ដោយ​ស្រង់​សម្ដី​ប្រភព​​៦​នាក់​ថា​ ​មេដឹកនាំ​រុស្ស៊ី​ លោក​ ​វ្ល៉ាឌីមៀរ​ ពូទីន​ បាន​សម្រេច​ចិត្ត​ថា​ នឹង​បន្ត​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រ​ធានាធិបតី​​​នៅ​ខែ​​មីនា​ឆ្នាំ​ក្រោយ​​ ដែល​ជា​​ជំហាន​នយោបាយ​អាច​ឱ្យ​លោក​បន្ត​កាន់​​​អំណាច​រហូត​ដល់​ឆ្នាំ​ ២០៣០​។  ​

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ ដែល​​បាន​ដឹង​ពី​គម្រោង​របស់​លោក​ ពូទីន​ បាន​​ប្រាប់​រ៉យទ័រ​ថា​ ៖ «​​មាន​ការ​សម្រេ​ច​ចិត្ត​រួច​ហើយ​ ថា​លោក​នឹង​ឈរ​ឈ្មោះ​»។ ​

​ជាមួយ​គ្នា​នោះ​ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​ទៀត​ ​ដែល​ដឹង​ព័ត៌មានចេញ​​ពី​វិមាន​ក្រឹមឡាំង​ បាន​​បញ្ជា​ក់​​​ថា​​ ការ​​សម្រេច​​ចិត្ត​ត្រូវ​បាន​ធ្វើឡើ​ង​ ​ហើយ​​ទីប្រឹក្សា​របស់​លោក​ ពូទីន​ កំពុង​រៀប​ចំ​​ដំណើរ​ការ​នេះ​។ ប្រភ​ព​៣​នាក់​ផ្សេង​ទៀត​ ដែល​មិន​បញ្ចេញ​ឈ្មោះ​ដូច​គ្នា​ដោយ​សារ​តែ​បញ្ហា​រសើប​ផ្នែក​នយោបាយ​​ ក៏​បាន​បញ្ជា​ក់​ពី​ការណ៍​នេះដែរ​​។

បើ​តាម​រ៉យទ័រ​ ​ទោះ​បី​ជា​​​អ្នក​ការ​ទូត​ អ្នក​ចារកិច្ច​ ​និង​មន្ត្រី​រុស្ស៊ី​ជា​ច្រើន​រូប​​ទៀត​​​រំពឹង​ថា ​លោក​ ពូទីន​ នឹង​បន្ត​កាន់​អំណាច​អស់​មួយ​ជីវិត​​ក៏​ដោយ​ ក៏​​រហូត​មក​ទល់​​ពេល​នេះ​ មិន​ទាន់​មាន​ការ​បញ្ជាក់​ជាក់​លាក់​ណា​មួយ​ជា​ផ្លូវ​ការ​ អំពី​ផែនការ​របស់​លោក​ ពូទីន ក្នុង​ការ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​​ឡើង​វិញ​នោះ​ដែរ​។

ចំណែក​ឯ​​ អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​ លោក ​ឌ្មីទ្រី​ ប៉េស្កូវ​ បាន​និយាយ​ថា​ ​​លោក ​ពូទីន ​មិន​ទាន់​បាន​ថ្លែង​អ្វី​លើ​បញ្ហា​នេះ​ទេ​​ ដោយ​បន្ថែម​ថា​ ​យុទ្ធនាការការ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ​​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​។ ​

គួរ​​បញ្ជាក់​ថា​ លោក ​ពូទីន​ ដែល​មាន​អាយុ​ ៧១ ឆ្នាំ​ បាន​​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​បន្ទាប់​បី​​លោក​ បូរីស យែលស៊ីន(Boris Yeltsin) ​នៅ​​ឆ្នាំ​ ១៩៩៩​ ដោយ​លោក​​កាន់​តំណែង​ជា​ប្រធានាធិបតី​យូរ​ជាង​មេដឹកនាំ​រុស្ស៊ី​ណាៗ​ទាំង​អស់​។

ក្រុម​អ្នក​ការ​ទូត​និយាយ​ថា​ គ្មាន​គូ​ប្រ​ជែង​ខ្លាំង​ៗ​ណា​​អាច​គំរាម​កំហែង​ឱកាស​របស់​លោក​ ពូទីន​ ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​បាន​ទេ​ ប្រសិន​បើ​លោក​ឈរ​ឈ្មោះ​ម្ដង​ទៀត​។ ​​អតីត​ចារកម្ម​ KGB ​រូប​នេះ​ ទទួល​បាន​អត្រា​ចូល​​ចិត្ត​ពី​​អ្នក​គាំទ្រ​រហូត​ដល់​ទៅ​ ៨០ ភាគ​រយ​ បូក​បញ្ជូល​ទាំង​ការ​គាំទ្រ​​ពី​រដ្ឋ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ផ្សេង​ៗ​ទៀត​។ គេ​មើល​ឃើញ​ថា​ នា​ពេល​នេះ​​ ​ស្ទើរ​តែ​គ្មាន​ការ​ប្រឆាំង​ជា​សាធារណៈ​ចំពោះកា​រ​គ្រប់​គ្រង​បន្ត​របស់​​លោក​។

ជាមួយ​គ្នា​នោះ​ ​ក្រោយ​ពន្លត់​ភ្លើង​នៃ​​ការ​បះ​បោរ​ប្រដាប់​អាវុធ​​ដែល​រៀប​ចំ​ឡើង​ដោយ​មេ​ដឹក​នាំ​ក្រុម​ទាហាន​ស៊ី​ឈ្នួល​វ៉ាក់ណែ​កាល​ពី​ខែ​មិថុនា​ ​លោក​​ ពូទីន​ បាន​បញ្ចេញ​សកម្ម​ភាព​ដើម្បី​ទាញ​ការ​​គាំទ្រដ៏​​រឹង​មាំ​ពី​​កង​កម្លាំង​សន្តិសុខ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ក៏​ដូច​ជា​​អ្នក​បោះ​ឆ្នោត​មូលដ្ឋាន​ដែល​នៅ​​​ខាង​ក្រៅ​ទីក្រុង​មូស្គូ​។

វិស័យ​ការពារ​ជាតិ​ ​សព្វាវុធ ​និង​ការ​ចំណាយ​ថវិកា​សរុប​របស់​រុស្ស៊ី​បាន​កើន​ឡើង​​ ខណៈ​​លោក​ ពូទីន​ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​ច្រើន​លើក​ រួម​ទាំង​នៅ​ក្នុង​តំបន់​​​ក្នុង​រយៈ​ពេល​ប៉ុន្មា​ន​ខែ​ថ្មី​ៗ​នេះ​។​

​ លោក​ ពូទីន​ ក៏​នៅ​តែ​ប្រឈមមុខនឹងបញ្ហាប្រឈមដ៏​ធ្ងន់​ធ្ងរ​បំផុត​​ជា​ច្រើន​។ ​សង្រ្គាម​នៅ​អ៊ុយក្រែន​ បាន​បង្ក​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដា​ក់​គ្នា​ដ៏​ធំ​​ជាមួយ​លោក​ខាង​លិច​ ចាប់​តាំង​ពី​វិបត្តិ​មីស៊ីល​គុយបា​ឆ្នាំ​​១៩៦២ ​ហើយ​ជា​លទ្ធផល​ ទណ្ឌកម្ម​របស់​លោក​ខាង​លិច​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ទន់​ខ្សោយ​។

​សេចក្តី​ព្រាង​ផែនការ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ​បង្ហាញ​ថា​ អតិផរណា​បាន​កើន​ឡើង​ ខណៈ​​​ប្រាក់​រូប្លិ៍​​រុស្ស៊ី​ បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ផ្ទុះ​ឡើង​ ​ហើយ​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​នឹង​មាន​ចំនួន​ជិត​​១/៣ នៃ​​ការ​ចំណាយ​ថវិកា​សរុប​របស់​រុស្ស៊ី​ក្នុង​ឆ្នាំ​​២០២៤​។  ​​

លោក​ខាង​លិច​ បាន​ចាត់​លោក​ ពូទីន​ ជា​ឧក្រិដ្ឋជន​សង្គ្រាម ​និង​ជា​ជន​ផ្តាច់​ការ​ ដែល​បាន​ដឹក​នាំ​រុស្ស៊ី​ចូល​ទៅ​ក្នុង​ការ​ដណ្តើម​យក​ទឹក​ដី​តាម​បែប​ចក្រពត្តិ​ ដែល​បាន​ធ្វើ​ឱ្យ​រុស្ស៊ី​ចុះ​ខ្សោយ ​ហើយ​បង្កើត​ភាព​ជា​រដ្ឋ​រប​ស់​អ៊ុយក្រែន​ ​ខណៈ​បង្ក​ការ​​​បង្រួប​បង្រួម​​របស់​លោក​ខាង​លិច​ និង​ធ្វើ​ឱ្យ​​អង្គការ​ណាតូ​​កាន់​តែ​សកម្ម​ជាង​មុន​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​ប្រភព​មួយ​បាន​​និយាយ​ប្រាប់​រ៉យទ័រ​ ​ថា​ ​​រុស្ស៊ី​​កំពុង​​ប្រឈម​​មុខ​​នឹង​​កម្លាំង​​រួម​​របស់​​លោក​​ខាង​​លិច​ ដូច្នេះ​​ការ​​ផ្លាស់​​ប្តូរ​​​មេដឹកនាំ​ដ៏​ធំ​បែប​នេះ​​ ​នឹង​​មិន​​មែន​ជា​ការ​​ចាំ​បាច់​​នោះ​​ទេ​ ទោះ​បី​ជា​មាន​ការ​ប្រឆាំង​ក្នុង​ស្រុក​ ​នឹង​រដ្ឋាភិបាល​លោក​ ពូទីន​ ជា​ពិសេស​ជុំ​វិញ​សង្រ្គាម​នៅ​អ៊ុយក្រែន​ក៏​ដោយ៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ https://www.reuters.com/world/europe/russias-putin-stay-power-past-2024-sources-say-2023-11-06/

ads banner