ក្រសួងមហាផ្ទៃ និង អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់ សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតជូន លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ UNICEF បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។

លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះប្រសាសន៍របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ដោយបានសម្ដែងការកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បាន ស្នើដល់អង្គការ UNICEF ឱ្យបន្តគាំទ្រគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស កុមារដែលកំពុងរងគ្រោះ, បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងបន្តជួយកសាងសមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងមហាផ្ទៃតាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

តបទៅនឹងការស្នើខាងលើ លោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF ប្ដេជ្ញាគាំទ្រផ្ដល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗបន្តទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន សម្ដែងការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយអង្គការ UNICEF គឺជា កត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការបន្តលើកកម្ពស់សិទ្ធិកុមារកម្ពុជា ព្រមទាំងជម្រុញដល់ការដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner