សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងគោកកម្ពុជា-ចិន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រទិសដៅ នៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា។

ប្រសាសន៍បញ្ជាក់ការគាំទ្រនេះ បានធ្វើនារសៀលថ្ងៃទី៨វិច្ឆិកា ក្នុងឱកាសអនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកចិន នាយឧត្តមសេនីយ៍ លី ឈីវមីង ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។

នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ និងត្រូវបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍កងទ័ពជើងគោកចិន បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហើយប្រទេសកម្ពុជានឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត។

សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ច របស់មេបញ្ជាការកងទ័ពជើងគោកចិន និងបានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះលោកប្រធានាធិបតី ស៊ី ជីនពីង, លោកនាយករដ្ឋមន្ត្រី លី ឈាំង និងនាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន។

សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើន នៃទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែលសម្តេចធិបតី នៅបំពេញមុខងារ ជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ads banner