កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ចាប់ទទួលពាក្យសប្តាហ៍ក្រោយ (Video Inside)
កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះហើយ។ កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១លាន ៥សែននាក់ គឺជាកម្មវិធីជួយបង្កើនធនធានមនុស្សដល់ប្រទេសកម្ពុជា ដែលបានដាក់ចេញចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានថ្លែងនៅថ្ងៃនេះថា មុខជំនាញសម្រាប់បណ្តុះបណ្តាល ក្នុងជំហានដំបូង មានចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
វិស័យអាទិភាពទាំង១០ ដែលបានជ្រើសរើសនោះ រួមមាន៖ សំណង់ អគ្គិសនី និងថាមពលអេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា។
ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានរៀបចំ និងអនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតាឲ្យបានគង់វង្ស និងអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតថ្មី។