ទូតកម្ពុជាប្រចាំប្រទេសជប៉ុន អបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប ៧០ឆ្នាំ នៃទំនាក់ ទំនងការទូត និងមិត្តភាព កម្ពុជា-ជប៉ុន
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូត និងមិត្តភាពរវាងកម្ពុជា-ជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ New Otani ក្រុងតូក្យូ ប្រទេសជប៉ុន ។
ឯកឧត្តម ទុយ រី មានប្រសាសន៍ថា ទិវាបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា គឺជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលទទួលបានឯករាជ្យពេញបរិបូរណ៌ពីអាណានិគមបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ។
ឯកឧត្តម បានលើកពីទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ប្រទេសទាំងពីរ ដែលមានការរីកចម្រើនលើវិស័យជាច្រើន ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម កសិកម្ម វិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ។ល។ ហើយឆ្នាំនេះ ទំនាក់ទំនងនេះត្រូវបានតម្លើងជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ខណៈដែលប្រទេសទាំងពីរកំពុងប្រារព្ធពិធីអបអរខួបទី៧០ នៃទំនាក់ទំនងកម្ពុជា ជប៉ុន។
សូមជម្រាបផងដែរថា នៅក្នុងពិធីនេះមានការរៀបចំតាំងបង្ហាញផលិតផលខ្មែរ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ទីផ្សារផលិតផលខ្មែរ និងជំរុញការវិនិយោគ និងមានការសម្ដែងរួមគ្នានូវរបាំក្បាច់បុរាណខ្មែរ ដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ និងរបាំប្រពៃណីជប៉ុន សម្តែងដោយក្រុមសិល្បៈបូរាណជប៉ុន Ureshino Traditional Performing Arts Preservation Society និងក្រុម J-Pop ជប៉ុន Inspire ដើម្បីរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃណីជាតិរបស់ខ្មែរនិងជប៉ុនទៅកាន់ភ្ញៀវអន្តរជាតិឱ្យបានស្គាល់កាន់តែទូលំទូលាយថែមទៀត ក្នុងឧកាសដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ៕
ដោយ / គ្រី សម្បត្តិ







