ក្រុមអ្នកជំនាញ និងយុវជនបង្ហាញពីការពង្រឹងសមត្ថភាពមុខជំនាញ និង ការចាប់ទីផ្សារការងារនៅកម្ពុជា
(ភ្នំពេញ)៖ សិស្ស-និស្សិត និងអ្នកជំនាញវ័យក្មេងជាច្រើននាក់ ដែលក្នុងនេះ ភាគច្រើនសុទ្ធសឹងជាយុវជនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ ធំជាងគេប្រចាំឆ្នាំ គឺ”ពិព័រណ៍ការងារ និងផលិតភាពជាតិ” រយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣នៅអគារពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញបានបង្ហាញពីភាពចាំបាច់ក្នុងពង្រឹងសមត្ថភាពមុខជំនាញ និង ការចាប់ទីផ្សារការងារនៅកម្ពុជា។
ជាមួយព្រឹត្តិការណ៍ដ៏ធំនេះដែរឱកាសការងារក្នុងប្រទេសជាង ២ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ បានបង្ហាញវត្តមានរបស់ខ្លួននៅតាមស្តង់ពិព័រណ៍រៀងៗខ្លួន សម្រាប់ស្វាគមន៍សិស្ស និស្សិតដែលកំពុងស្វែងរកការងារធ្វើទាំងនេះផងដែរ។
សម្រាប់ទីផ្សារការងារប្រមូលផ្តុំដ៏ធំដែលកំពុងរង់ចាំនេះដែរ ត្រូវបានអ្នកជំនាញ និងបណ្តាយុវជនដែលមានបទពិសោធន៍ក៏បានបង្ហាញពីការឈោងចាប់ទីផ្សារការងារ និងត្រូវតែអនុវត្តនូវការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹង និងសម្រួចសមត្ថភាពតាំងតែពីកំពុងសិក្សានៅក្នុងថ្នាក់ចំណេះដឹងទូទៅនិងថ្នាក់ឧត្តមសិក្សា។
លោក ថុក ប៊ុនធៀម ប្រធានការិយាល័យអភិវឌ្ឍន៍យុទ្ធសាស្រ្តធនធានមនុស្ស នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានបញ្ជាក់ថា៖ យុវជនដែលចង់មានបទពិសោធន៍ការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ខ្លួនចាំាបាច់ត្រូវចូលរួមការងារសង្គម ឬការងារស្ម័គ្រចិត្ត ណាមួយ ដែលជាជំនាញគាត់ចង់ធ្វើនៅថ្ងៃអនាគត។ ក្រៅពីនេះក៏ត្រូវចេះស្វែងយល់ពីស្ថាប័ននោះផងដែរថា គេមានតម្រូវការបែបណា ហើយការងារដែលត្រូវបំពេញនោះបែបណា។ អ្វីដែលសំខាន់ជាងនេះត្រូវចេះពង្រឹងសមត្ថភាព និង អត្ថចរិកនានា ក៏ត្រូវតែល្អ ព្រមជាមួយគ្នាទាំងអស់។
លើកឡើងដូចគ្នានេះដែរ លោក លីប សួរមូលីវណ្ណ ប្រធានផ្នែកអភិវឌ្ឍន៍សមត្ថភាពរបស់ ក្រុមហ៊ុន APD BANក ឱ្យដឹងថា៖ ”យុវជនត្រូវចង់រៀបចំខ្លួនឱ្យបានល្អដើម្បីឈោងចាប់ទីផ្សារការងារគឺ ទីមួយចាំបាច់ណាស់ត្រូវស្គាល់ខ្លួនឯងថា តើចំណង់ចំណូលចិត្តយើងចូលចិត្តអ្វី ។ ក្រៅពីនេះត្រូវមើលថា ជំនាញ ដែលយើងកំពុងរៀន និង ចំណេះដឹងផ្សេងៗវាត្រូវនឹងទីផ្សារការងារឬក៏អត់។ ក្រៅពីនេះក៏ត្រូវសិក្សាស្វែងយល់បន្ថែមពីជំនាញដែលយើងកំពុងចង់រៀន ឬកំពុងរៀនមានតម្រូវការងារអ្វីខ្លះ និង អ្វីខ្លះយើងត្រូវបំពេញបន្ថែមវាទៀតសម្រាប់នៅថ្ងៃខាងមុខ”។
ដោយឡែក យុវនារី វុធ ស្រីលៀន និស្សិតមកពីសាកលវិទ្យាភូមិន្ទភ្នំពេញ ដែលបានចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣នេះបានឱ្យដឹងថា៖ទាំងសិស្ស-និស្សិតមុនគិតសម្រេចចិត្តចូលរៀនមុខជំនាញអ្វីមួយត្រូវសិក្សាស្វែងយល់មុខជំនាញនោះឱ្យបានច្បាស់លាស់ និងតម្រូវទីផ្សារការងារជាមុនសិន នោះទើបនៅពេលរៀនចប់មិនសោកស្តាយ ។ ក្រៅពីនេះក៏ត្រូវចេះសម្រេចចិត្ត និងយល់ដឹងពីអ្វីដែលជាសមត្ថភាពរបស់ខ្លួនដែរពីព្រោះថាបើយើងដឹងពីអ្វីដែលជាសមត្ថភាពរបស់ខ្លួននៅពេលចប់មុខជំនាញនិងពេលបំពេញការងារយើងនឹងមានភាពងាយស្រួល ហើយតួនាទីការងារក៏តែងជោគជ័យដែរ ។
យុវនារី សាត សម្ភស្ស និស្សិតមកពីសាកលវិទ្យាភូមិន្ទភ្នំពេញ បានឱ្យដឹងដែរថា៖”យើងម្នាក់ៗត្រូវស្វែងយល់ពីតម្រូវការទីផ្សារជាមុន ពីមុខជំនាញនីមួយៗបន្ទាប់ពីនោះយើងក៏ត្រូវតែស្វែងយល់ថាខ្លួនឯងមានអ្វីដែលជាតម្រូវការទាំងនោះឬក៏អត់។ ពេលអ្វីទាំងអស់នេះយើងគ្រប់គ្រងវាបាននិងពេលរៀនចប់នោះការចង់ចូលទីផ្សារការងារលើមុខជំនាញអ្វីមួយពិតជាមិនលំបាកទេ”។
គួរបញ្ជាក់ថាបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការអន្តរជាតិខាងការងារ (ILO) បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១មក ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើនៅក្នុងកម្រិតទាបប្រមាណ ១ភាគរយ ដែលកម្រិតនេះ ទាបជាងគេបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ដូចជា ប្រទេសថៃ វៀតណាម និងឡាវជាដើម។
សម្រាប់ឆ្នាំ២០២៣នេះ អង្គការ ILO បានប៉ាន់ស្មានថា ប្រទេសកម្ពុជា មានអត្រាអ្នកអត់ការងារធ្វើប្រមាណ ០,៣ភាគរយ ប៉ុណ្ណោះ ខណៈប្រទេសឡាវ ២,៩ភាគរយ ប្រទេសថៃមាន ០,៨ភាគរយ ប្រទេសវៀតណាម ១,៧ភាគរយ ប្រទេសឥណ្ឌូនេស៊ី ៣,៣ភាគរយ ប្រទេសជប៉ុន ២,៦ភាគរយ ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ជីម ភារ៉ា








