ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យសហគមន៍ ផ្តល់ផល ប្រយោជន៍ទៅលើមុខងារ៤ធំៗ នៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យ ឌីជីថលនៅកម្ពុជា

(តាកែវ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” Community Tech Center” (CTC) គឺជា មជ្ឈមណ្ឌលដែលផ្ដល់ការបណ្តុះបណ្តាលពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងសេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសដល់សិស្ស និស្សិត និងសាធារណជនរស់នៅមូលដ្ឋាន ក្នុងគោលបំណងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល ។

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពស់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រសួងបានជ្រើសរើសវិទ្យាល័យនៅតាមក្រុង-ស្រុក ទូទាំងខេត្តតាកែវ ជាទីតាំងដំបូងសម្រាប់សាងសង់ ។ មជ្ជមណ្ឌលនេះ មានមុខងារចម្បងចំនួន៤ គឺ (១) ផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ (២) ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ (៣) ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់ឥវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋនៅសហគមន៍ និង (៤) ផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) ជូនប្រជាជននៅសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅសហគមន៍នីមួយៗ។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃយសណីយ៍ និងទូរគមនាគមន៍ នៅក្នុងឱកាសអញ្ចើញជាអធិបតីភាពនៅក្នុងពិធី បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ នៅក្នុងវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបរិវេនវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន បាទី ស្រុកបាទី ខេត្តតាកែវ ។

លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់អំពី ការលើកកម្ពស់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ការលើកកម្ពស់អក្ខរកម្មឌីជីថល និងការកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសង្គមកម្ពុជា ។

ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកទឹកចិត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមថែរក្សានិងប្រើប្រាស់មជ្ឈមណ្ឌលនេះ ឱ្យអស់សក្តានុពល។

ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដែលបានបង្កើត មជ្ឈមណ្ឌលនេះឡើង ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដែលផ្សារភ្ជាប់ទំនាក់ទំនង និងភាពជាដៃគូរវាងរដ្ឋនិងសហគមន៍ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner