តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើយុទ្ធវិធីសង្គ្រោះ គ្រោះមហន្តរាយជាក់ស្តែងលើផ្ទៃទឹក
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសុក្រ ទី១០ វិច្ឆិកា ឆ្នាំ២០២៣នេះ អង្គភាពតំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង ធ្វើលំហាត់សង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗ នៅលើផ្ទៃទឹក ដែលពិធីនេះ បានធ្វើឡើង ដោយមានការចូលរួមពី នាយទាហាន និងពលទាហាន ប្រមាណ ៦០នាក់ រថយន្តយោធា ៧ គ្រឿង រថយន្តសង្គ្រោះ ២ គ្រឿង និងកាណូត ១០គ្រឿង ។
ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយ ដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើង នៅលើផ្ទៃទឹកនាពេលនេះ គឺដើម្បីពង្រឹងលើសមត្ថភាព កងកម្លាំងសង្គ្រោះ នៅពេលដែល ហេតុការណ៍ណាមួយ កើតឡើងនៅលើផ្ទៃទឹក ។
ឯកឧត្តម មេបញ្ជាការ បន្តថា នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកយុទ្ធនាការសង្គ្រោះបន្ទាន់ ធ្វើយ៉ាងណាឱ្យបានរហ័ស ទាន់ពេលវេលា ក្នុងគ្រាទូកកាណូត ដែលយើងទទួលបានពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ប្រគល់ជូន ដើម្បីការងារសង្គម និងការងារជួយសង្គ្រោះបន្ទាន់ នូវគ្រោះធម្មជាតិផ្សេងៗ កើតឡើងជាយថាហេតុ ។
ឯកឧត្តម មេបញ្ជាការ ក៏ដូចជាភ្ញៀវកិត្តយស បានថ្លែងនូវការកោតសរសើរដល់កងកម្លាំង ទាំងអស់ ដែលអនុវត្តបានតាមខ្លឹមសារមេរៀន ដែលបានសិក្សានៅឆ្នាំនេះ ៕
សុខ គឹមសៀន








