ទារកទើបនឹងកើត និងម្តាយនៅហ្គាហ្សា ខ្វះការថែទាំវេជ្ជសាស្រ្ត និងវ៉ាក់សាំង
ហ្គាហ្សា៖ យោងតាមសមាគមសង្គ្រោះវេជ្ជសាស្ត្រប៉ាឡេស្ទីន បានឱ្យដឹងថា នៅក្នុងខែតុលា ទារកដែលទើបកើតថ្មីៗ ចំនួន ៥៥០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការការថែទាំវេជ្ជសាស្រ្ត និងការចាក់វ៉ាក់សាំង។
អ្នកស្រី Noha Al-Sharbasi អាយុ ៣១ ឆ្នាំ ដែលបានភៀសខ្លួន ចេញពីតំបន់ Al-Shajaiyah ទៅកាន់ទីក្រុង Khan Yunis ភាគខាងត្បូង នៃតំបន់ហ្គាហ្សា ទទួលបានការសម្រាលកូន ទាន់ពេល ប៉ុន្តែអ្នកស្រីកំពុងប្រឈមមុខនឹងការខ្វះខាតវ៉ាក់សាំង និងការថែទាំសុខភាព សម្រាប់កូន និងខ្លួនអ្នកស្រីផ្ទាល់។
កាលពីថ្ងៃសុក្រ សប្តាហ៍នេះ ប្រធានអង្គការសុខភាពពិភពលោកបានព្រមានថា ប្រព័ន្ធថែទាំសុខភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតក្នុងភាពទន់ខ្សោយយ៉ាងខ្លាំង ដោយកត់សម្គាល់ថា មន្ទីរពេទ្យពាក់កណ្តាលក្នុងចំណោមសរុប ទាំង៣៦មន្ទីរពេទ្យ នៅទីនោះ លែងដំណើរការទៀតហើយ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានពណ៌នាស្ថានភាពនៅហ្គាហ្សា ប្រកបដោយភាពអស់សង្ឃឹម ដោយអះអាងថា ច្រករបៀងមន្ទីរពេទ្យមានភាពចង្អៀត ខណៈដែលពោរពេញដោយ អ្នករងរបួស អ្នកស្រែកឈឺចាប់ ការវះកាត់ដោយគ្មានការប្រើថ្នាំសន្លប់, មនុស្សស្លាប់ និងកន្លែងបញ្ចុះសព គឺហូរហៀរ ហើយជនភៀសខ្លួនរាប់ម៉ឺននាក់ កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ដែលប៉ះពាល់ដល់ដំណើរការការថែទាំ និងព្យាបាល ជាដើម។
លោក Tedros បាននិយាយទៀតថា មានការវាយប្រហារ ច្រើនជាង២៥០លើក នៅលើទីតាំងនិងសម្ភារៈផ្តល់សេវាកម្មថែទាំសុខភាព មានដូចជា មន្ទីរពេទ្យ គ្លីនិក រថយន្តសង្គ្រោះ នៅក្នុងតំបន់ Gaza និង West Bank ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ មនុស្សជាង១១០០០នាក់បានស្លាប់ នៅទូទាំងតំបន់ហ្គាហ្សា ដោយសារតែវាយប្រហារសងសឹករបស់អ៊ីស្រាអែល ពោលគឺចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបើកការវាយប្រហារដ៏ភ្ញាក់ផ្អើល លើទឹកដីអ៊ីស្រាអែល ស្លាប់មនុស្ស ១៤០០នាក់ កាលពីថ្ងៃទី៧ ខែតុលា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


