យន្តហោះរុស្ស៊ីដឹកជញ្ជូនជំនួយ ២៥តោន ទៅតំបន់ហ្គាហ្សា
មូស្គូ៖ យន្តហោះផ្ទុះទំនិញមួយគ្រឿង ដែលរុស្ស៊ីនិយាយថា ជាជំនួយមនុស្សធម៌ ចំនួន២៥ តោន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីបញ្ជូនបន្ត ចូលទៅតំបន់ហ្គាហ្សាស្ទ្រីប ដែលស្ថិតនៅក្រោមការឡោមព័ទ្ធ ស្ទើរតែទាំងស្រុង និងការទម្លាក់គ្រាប់បែក ឥតឈប់ឈរ។
រូបភាពដែលចេញផ្សាយ ដោយសេវាសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានបង្ហាញពីសកម្មភាពក្រុមការងារ កំពុងរៀបចំទំនិញដែលជាជំនួយទាំងនោះ នៅលើយន្តហោះយោធា អ៊ីលយូស៊ីន ៧៦ (Il-76) នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង កាហ្សាន (Kazan) ភាគកណ្តាលនៃប្រទេសរុស្ស៊ី។
ពួកគេបានអះអាងថា ជំនួយទាំង២៥តោននេះ រួមមានអាហារ និងផលិតផលអនាម័យ ព្រមទាំងសម្លៀកបំពាក់ និងចង្ក្រានចល័តផងដែរ។ ប្រភពបន្តថា ទំនិញមនុស្សធម៌នានា ត្រូវបានប្រគល់ជូនតំណាងសង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីបរួចហើយ ខណៈដែលជំនួយបន្ថែមរបស់រុស្សី នឹងត្រូវបញ្ជូន ទៅអ្នករស់នៅតំបន់ហ្គាហ្សាស្ទ្រីប។ ពួកគេបានបន្ថែមទៀតថា នេះគឺការបញ្ជូនជំនួយ លើកទីប្រាំ ចេញពីប្រទេសរុស្ស៊ី ទៅតំបន់ហ្គាហ្សា។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែលបានដាក់ទឹកដីប៉ាឡេស្ទីន ស្ថិតក្រោមការឡោមព័ទ្ធទាំងស្រុង ក្នុងនោះ មានតែបរិមាណតិចតួចបំផុតនៃតម្រូវការជាមូលដ្ឋានរបស់មនុស្សដូចជាទឹក អាហារ និងថ្នាំ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា។
មកដល់ពេលនេះ មានរថយន្តជំនួយប្រហែល ៥០០ គ្រឿងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងទឹកដី ឆ្លងកាត់ប្រទេសអេហ្ស៊ីប ក្នុងរយៈពេលមួយខែ កន្លងមក ដែលជាចំនួនមួយដ៏តិតតួច បើធៀបនឹងតម្រូវការប្រចាំថ្ងៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



