រាជទាយាទអារ៉ាប៊ីសាអូឌីតចាត់ទុកសកម្មភាពអ៊ីស្រាអែលថា ជាការឈ្លានពាន និង រំលោភច្បាប់មនុស្សធម៌អន្តរជាតិ

រីយ៉ាត៖ នៅក្នុងការអត្ថាធិប្បាយ ជាសាធារណៈលើកដំបូងស្តីពីសង្គ្រាម នៅហ្គាហ្សា រាជទាយាទអារ៉ាប៊ីសាអូឌីត បានបរិហារសកម្មភាពអ៊ីស្រាអែលថា ជាការឈ្លានពាន និង រំលោភច្បាប់មនុស្សធម៌អន្តរជាតិ។

កាលពីថ្ងៃសុក្រ សប្តាហ៍នេះ មេដឹកនាំប្រទេសអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានបរិហារការប្រព្រឹត្តរបស់កងកម្លាំងអ៊ីស្រាអែលប្រយុទ្ធនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅមុនកិច្ចប្រជុំកំពូលចុងសប្តាហ៍ ដែលនឹងផ្តោតលើអំពើហិង្សា ដែលកំពុងកើតឡើង នៅក្នុងហ្គាហ្សាស្ទ្រីប។

ក្នុងកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំអាហ្វ្រិក នាពេលនោះ ព្រះអង្គម្ចាស់ Mohammed bin Salman បានថា «យើងថ្កោលទោសការឈ្លានពានរបស់យោធាដែលបានឃើញ នៅក្នុងតំបន់ Gaza Strip គោលដៅលើជនស៊ីវិល និងការបន្តរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ដោយកងកម្លាំង របស់អ៊ីស្រាអែល »។

រាជទាយាទអារ៉ាប៊ីសាអូឌីត អង្គនេះបានបន្តថា «យើងសង្កត់ធ្ងន់លើភាពចាំបាច់នៃការបញ្ឈប់សង្រ្គាមនេះ និងការផ្លាស់ទីលំនៅដោយបង្ខំ និងបង្កើតលក្ខខណ្ឌសម្រាប់ការវិលត្រឡប់នៃស្ថិរភាព និងការសម្រេចបាននូវសន្តិភាព»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រ សប្តាហ៍នេះ មនុស្សជាង១១០០០នាក់បានស្លាប់ នៅទូទាំងតំបន់ហ្គាហ្សា ដោយសារតែវាយប្រហារសងសឹករបស់អ៊ីស្រាអែល ពោលគឺចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបើកការវាយប្រហារដ៏ភ្ញាក់ផ្អើល លើទឹកដីអ៊ីស្រាអែល ស្លាប់មនុស្ស ១៤០០នាក់ កាលពីថ្ងៃទី៧ ខែតុលា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner