ក្រសួងការងារ, សភាពាណិជ្ជកម្មកម្ពុជា និងសមាគមវិនិយោជក១៨ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការហាត់ការ និងកម្មសិក្សាដល់អ្នកសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ
(ភ្នំពេញ)៖ក្រសួងការងារ និង សភាពាណិជ្ជកម្មកម្ពុជា ហើយនិង សមាគមអ្នកវិនិយោជកដែលមានសរុបចំនួន១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា៖ តាមរយៈពិធីចុះហត្ថលេខា រវាងក្រសួងការងារ និងវិស័យឯកជននេះក្នុងគោលបំណងដើម្បីសហការគ្នាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាតាមរយៈឱកាសហាត់ការចុះកម្មសិក្សារបស់សិស្ស។តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរគេរំពឹងថានឹងទទួលបានលទ្ធផលដូចជា៖សិស្សដែលចូលរៀនទាំងអស់នឹងបានចូលហាត់ការតាមរោងចក្រសហគ្រាស ហើយដែលអាចផ្សារភ្ជាប់ទ្រឹះស្តីជាមួយនឹងការអនុវត្តជាក់ស្តែងតែម្តង។ទី២សិស្សអាចទទួលបានចំណេះដឹងផ្សេងទៀតតាមរយៈការណែនាំរបស់អ្នកគ្រប់គ្រងតាមរោងចក្រសហគ្រាស ឬពីវិស្វករតាមការដ្ឋានផ្ទាល់ តាមភោជនីយដ្ឋាន តាមសណ្ឋានគារជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដោយបញ្ជាក់ដែរថាការនេះនឹងអាចជួយយុវជន ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុននានាអាចមកធ្វើការផ្លាស់ប្តូរជំនាញបង្កើនជំនាញ បង្កើនសមត្ថភាព និងពិសេសបង្កើនផលិតភាពដើម្បីលើកស្ទួយ រោងចក្រសហគ្រាសឬក្រុមហ៊ុនរបស់ខ្លូនកាន់តែមានផលិតភាពល្អ មានប្រសិទ្ធភាពក្នុងការធ្វើប្រតិបត្តិការដើម្បីរកប្រាក់ចំណេញដែលតាមរយៈនេះគេអាចចែករំលែកប្រាក់ចំណេញទាំងអស់នេះជូនដល់បងប្អូនកម្មករនិយោជិត។

ឯកឧត្តមបានថ្លែងដែរថា”នេះគឺជាអ្វីដែលយើងគិតថាកិច្ចសហប្រតិបត្តិការលើវិស័យឯកជន និងរដ្ឋក្នុងការបណ្តុះបណ្តាលធនធានមនុស្សនឹងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក”។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថាការចុះហត្ថលេខាមួយនេះគឺធ្វើយ៉ាងណាឱ្យសិស្សមានជំនាញពិតប្រាកដ។យើងធ្វើយ៉ាងណាឱ្យកម្លាំងធនធានមនុស្សក្នុងស្រុកមានជំនាញត្រឹមត្រូវដើម្បីអាចបំពេញការងារហើយបានប្រាក់ខែសមស្របសម្រាប់ចិញ្ចឹមក្រុមគ្រួសារនិងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។

គួរបញ្ជាក់ថាការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ
រូបភាព៖លោក ង៉ាន់ ទិត្យ
