ការលើកលែងទិដ្ឋាការមិនទាន់មានប្រសិទ្ធភាព សម្រាប់វិស័យទេសចរណ៍ របស់ប្រទេសថៃ

បាងកក៖ បើទោះបីជាមានការផ្តល់ជូននូវការលើកលែងទិដ្ឋាការក៏ដោយ ក៏ចំនួនភ្ញៀវទេសចរចិន និងឥណ្ឌា ទៅកាន់ប្រទេសថៃ មិនទាន់បានកត់ត្រា ពីការស្ទុះងើបឡើងវិញ ភ្លាមៗនោះទេ ដោយសារតែកត្តាមួយចំនួន នេះបើយោងតាមប្រតិបត្តិករទេសចរណ៍ថៃ។

អតីតប្រធានក្រុមប្រឹក្សាទេសចរណ៍ប្រចាំខេត្ត Chon Buri និងជានាយកប្រតិបត្តិក្រុមហ៊ុន សណ្ឋាគារ និងរមនីយដ្ឋាន Sunshine លោក Thanet Supornsahasrungsi បាននិយាយថា រដ្ឋាភិបាលថៃបានផ្តល់ការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវចិន ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ប៉ុន្តែឥទ្ធពលកើតចេញពីយុទ្ធសាស្ត្រនេះ មិនទាន់មានអ្វីប្រែប្រួលខ្លាំងទេ ខណៈដែលទេសចរចិនខ្លះនៅតែមើលឃើញប្រទេសថៃថា គ្មានសុវត្ថិភាព ហើយចិនខ្លួនឯង ក៏កំពុងប្រឹងប្រែងជាខ្លាំង ក្នុងការស្តារកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

លោក Thanet បាននិយាយទៀតថា ហេតុផលមួយទៀត គឺការបន្តជើងហោះហើរឡើងវិញដែលមានភាពយឺត ក៏បានប៉ះពាល់ដល់ការធ្វើដំណើរបស់អ្នកទេសចរ ទៅកាន់ប្រទេសថៃផងដែរ។

បើយោងតាមអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT បានឲ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានស្វាគមន៍ភ្ញៀវទេសចរចិន ជាង២៨ម៉ឺននាក់ នៅក្នុងខែកញ្ញា និង ជាង២៩ម៉ឺននាក់ ក្នុងខែតុលា។

ប្រទេសថៃបានកំណត់ទិសដៅថា នឹងទាក់ទាញភ្ញៀវទេសចរចិន ចំនួន៥លាននាក់ សម្រាប់ឆ្នាំ២០២៣។ ប៉ុន្តែលោក Thanet មើលឃើញថា អាចមានមិនដល់៤លាននាក់ផង បើគិតតាមភាពជាក់ស្តែង នាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ លោក Prachoom Tantiprasertsuk ប្រធានផ្នែកទីផ្សារនៃសមាគមសណ្ឋាគារថៃបាននិយាយថា ភាពល្អប្រសើរកើតចេញពីការលើកលែងទិដ្ឋាការ អាចបង្ហាញឱ្យឃើញកាន់តែច្បាស់ ក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner