ប្រទេសកូរ៉េខាងជើងថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការរិះគន់ទំនាក់ទំនងប្រទេសខ្លួនជាមួយរុស្ស៊ី
សេអ៊ូល៖ រដ្ឋមន្ដ្រីការបរទេសនៃប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ទី១១ ខែវិច្ឆិកា បានថ្កោលទោសចំពោះមតិរបស់មន្ដ្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក លោក Blinken ជុំវិញទំនាក់ទំនងរបស់ប្រទេសកូរ៉េខាងជើងជាមួយនឹងរុស្ស៊ី។

មន្ដ្រីការទូតជាន់ខ្ពស់អាមេរិក លោក Blinken ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្រោយកិច្ចប្រជុំក្រុមប្រទេស G7 នៅជប៉ុនបានបញ្ចប់។ ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol លោក Blinken បានលើកឡើងថា ការបង្កើនសហប្រតិបត្តិការផ្នែកយោធារបស់រុស្ស៊ី និងកូរ៉េខាងជើង គឺជារឿងគ្រោះថ្នាក់ និងអំពាវនាវឱ្យចិន ដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើងមានចំណាត់ការ។

មន្ដ្រីកូរ៉េខាងជើងបានលើកឡើងថា ការបញ្ចេញមតិរបស់លោក Blinken នេះគឺជាទង្វើដែលគ្មានទំនួលខុសត្រូវ ហើយអាចធ្វើឱ្យស្ថានភាពនយោបាយ និងយោធានៅក្នុងឧបទ្វីបកូរ៉េកាន់តែតានតឹង។ អាមេរិកគួរតែបន្សាំខ្លួន ទៅនឹងទំនាក់ទំនងផ្នែកយោធារបស់កូរ៉េខាងជើង និងរុស្ស៊ី។

រុស្ស៊ី និងកូរ៉េខាងជើងសុទ្ធតែជាប្រទេសដែលត្រូវទទួលទណ្ឌកម្មអន្ដរជាតិ ដោយប្រទេសរុស្ស៊ីត្រូវទទួលរងទណ្ឌកម្មជាការឆ្លើយតបនឹងការលុកលុយប្រទេសអ៊ុយក្រែន ខណៈកូរ៉េខាងជើងត្រូវទទួលរងទណ្ឌកម្ម ដោយសារការផលិតមីស៊ីល។ ការបង្កើនសហប្រតិបត្តិការផ្នែកយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បានធ្វើឱ្យអ៊ុយក្រែនកាន់តែមានភាពព្រួយបារម្ភកាន់តែខ្លាំង៕
ប្រភព៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
