លោកជំទាវ ឌិត នីតា សាយសំអាល់ លេីកទឹកចិត្តមាតាបិតាជំរុញកូនៗឱ្យទៅរៀនសូត្រទាំងអស់គ្នា
(ភ្នំពេញ)៖ មិនថាកូនៗ ជាក្មេងស្រី ឬក្មេងប្រុស ឬអាយុច្រេីន និងអាយុតិច ម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលបានការសិក្សាទាំងអស់គ្នា ។ នេះជាប្រសាសន៍របស់លោកជំទាវ ឌិត នីតា សាយសំអាល់ ភរិយា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសំណេះសំណាល ក្រោមប្រធានបទ តោះ..! ទៅរៀនទាំងអស់គ្នា ជាមួយកុមារ នៃគ្រួសារមានជីវភាព ខ្វះខាតមកពីតាមសហគមន៍ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកជំទាវ ឌិត នីតា សាយសំអាល់ ក៏បានលេីកទឹកចិត្តបងប្អូនពូមីងទាំងអស់ជម្រុញកូនៗឱ្យទៅរៀនសូត្រគ្រប់ៗគ្នា ព្រោះការសិក្សារៀនសូត្ររបស់កូនៗ ក្មួយៗ គឺជាយុទ្ធសាស្ត្រអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងធនធានមនុស្សដ៏មានសក្កានុពល ដេីម្បីកម្ពុជាអាចក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០ ។

លោកជំទាវបន្ថែមថា ពូមីងបងប្អូនទាំងអស់អាចគិតថាស្ថានភាពគ្រួសារមិនល្អ មិនអំណោយផលក្នុងការឱ្យកូនៗទៅរៀនសូត្រ តែការគិតនេះនិងធ្វេីឱ្យស្ថានភាពគ្រួសាររិតតែជួបការលំបាកថែមទៀតនៅពេលដែលកូនៗក្មួយៗធំដឹងក្ដីហេីយមិនបានរៀនសូត្រដល់ចប់ចុងចប់ដេីម ពួកគាត់និងបាត់បង់នៅឱកាសការងារល្អរបស់ពួកគាត់ បាត់បង់នូវសក្កានុពលរបស់ពួកគាត់ក្នុងការជួយកសាងប្រទេសជាតិ ។

ជាមួយគ្នានោះ លោកជំទាវ ឌិត នីតា សាយសំអាល់ ក៏សង្ឃឹមយ៉ាងមុតមាំថា ពូមីងបងប្អូន និងប្ដេជ្ញាចិត្តក្នុងការបញ្ចូនកូនៗទៅរៀនឱ្យបានគ្រប់ៗគ្នា ហេីយកូនៗក្មួយៗនិងខិតខំរៀនសូត្រ ស្រលាញ់ការសិក្សា រួចបន្តចូលរួមទាំងអស់គ្នាក្នុងការសិក្សាស្វែងយល់បន្ថែមពីអ្វីដែលថ្មីៗ ដែលមានប្រភពច្បាស់លាស់និងទុកចិត្តបាន ដេីម្បីឆ្លេីយតបទៅនឹងប្រធានបទ (តោះ.! ទៅរៀនទាំងអស់គ្នា ) ។

ទទឹមនឹងនោះ លោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជូនអ្នកចូលរួមទាំងអស់ ក៏ដូចជាថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយជាសម្ភារ និងថវិកា សម្រាប់ចែកជូនបងប្អូនពូមីងផងដែរ ៕
អត្ថបទ ៖ ជីម ភារ៉ា រូបភាព ៖ វេង លឹមហួត










