លោក ណេតាន់យ៉ាហ៊ូ ៖ ក្រោយសង្គ្រាមកម្ចាត់ពួកហាម៉ាស់បញ្ចប់ អ៊ីស្រាអែលនឹងលុបបំបាត់ការស្អប់ និងសម្លាប់ជនជាតិអ៊ីស្រាអែលនៅហ្គាហ្សា
ហ៊្សេរុយសាឡឺម៖ មេដឹកនាំអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបាត់បង់ការគ្រប់គ្រងនៅតំបន់ភាគខាងជើងហ្គាហ្សាហើយ និងថា បន្ទាប់ពីសង្គ្រាមបញ្ចប់ ប្រទេសរបស់លោកនឹងរក្សាការត្រួតពិនិត្យសន្តិសុខ ដើម្បីធានាថា គ្មានអាជ្ញាធរថ្មីអប់រំកូនចៅរបស់ខ្លួន ឱ្យស្អប់អ៊ីស្រាអែលទៀតឡើយ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅយប់ថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយក្នុងសន្និសិទកាសែតមួយនៅទីក្រុងតែល អាហ្វីវ ថា យើងនឹងទទួលជ័យជំនះក្នុងសង្គ្រាមកម្ចាត់ក្រុមហាម៉ាស ក៏ដូចជាជួយសង្គ្រោះចំណាប់ខ្មាំងរបស់យើង។
លោក ណេតាន់យ៉ាហ៊ូ បន្តថា ក្រុមហាម៉ាសបានបាត់បង់ការគ្រប់គ្រងនៅភាគខាងជើងតំបន់ហ្គាហ្សា… ពួកគេគ្មានកន្លែងសុវត្ថិភាពដើម្បីលាក់ខ្លួនទៀតទេ… ការប្រយុទ្ធនេះនឹងបន្ត រហូតដល់ពួកភេរវករចុងក្រោយ ឬក្រុមហាម៉ាសទាំងអស់ត្រូវបានសម្លាប់។ យើងនឹងមិនបញ្ឈប់ទេ រហូតដល់បេសកកម្មត្រូវបានបញ្ចប់។
បន្ថែមលើនេះ លោក ណេតាន់យ៉ាហ៊ូ បានច្រានចោលលទ្ធភាពដែលអាជ្ញាធរប៉ាឡេស្ទីន កាន់កាប់តំបន់ហ្គាហ្សាបន្ទាប់ពីសង្គ្រាមបញ្ចប់ ដោយលោកបានអះអាងថា នឹងមិនមានអាជ្ញាធរស៊ីវិលនៅទីនោះ (ហ្គាហ្សា) ដែលអប់រំកូនចៅរបស់ពួកគេឱ្យស្អប់អ៊ីស្រាអែល, សម្លាប់អ៊ីស្រាអែល ឬលុបបំបាត់អ៊ីស្រាអែលឡើយ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកលើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ដើម្បីសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាសនៅលើទឹកដីខ្លួនកាលពីថ្ងៃទី០៧ ខែតុលា។ បើតាមមន្ត្រីអ៊ីស្រាអែល ពលរដ្ឋរបស់ខ្លួនប្រហែល ១,២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ក្រោមថ្វីដៃរបស់ពួកហាម៉ាស។ ចំណែកមន្ត្រីសុខាភិបាលប៉ាឡេស្ទីនក៏បានអះអាងដែរថា មនុស្សច្រើនជាង ១១,០០០នាក់បានស្លាប់ក្នុងរយៈពេលជាង ៤សប្តាហ៍ ដោយសារការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ហើយថា ប្រហែល ៤០ភាគរយនៃពួកគេ គឺជាកុមារ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា