ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្សចុះសួរសុខទុក្ខ លោកយាយ គង់ សារឿន វរជនដោះមីនដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ខេត្តស្វាយរៀង
(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលផ្នែកឃោសនាអប់រំ ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាននាំយកថវិកា និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនលោកយាយ គង់ សារឿន អតីតយុទ្ធជនប្តេជ្ញាឈ្នះ វរៈជនដោះមីន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅនៅភូមិអូរក្អាម ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងលោក លោកស្រីតំណាងអាជ្ញាធរដែនដីក៏បានអញ្ជើញចូលរួមផងដែរ។
លោកយាយ គង់ សារឿន មានប្រសាសន៍ថា៖ នាងខ្ញុំនិងក្រុមគ្រួសារទាំងមូល ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ។

លោកយាយបានរៀបរាប់ពីប្រវត្តិការងារថា៖ ឆ្នាំ១៩៧២ ចេញតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្នាំ១៩៧៤ បានចូលទៅប្រទេសវៀតណាមបានចូលបម្រើកងទ័ពនៅអង្គភាពវរនារីពិសេស វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ បន្ទាប់មកបានផ្ទេរភារកិច្ចទៅអង្គភាពកងអនុសេនាធំនារីដោះមីនខេត្តស្វាយរៀង ហើយបានបំពេញភារកិច្ចដោះមីននៅតាមព្រំប្រទល់ដែនកម្ពុជា វៀតណាម និងកម្ពុជា ថៃ ហើយបានទទួលងារជាយុទ្ធជនប្តេជ្ញាឈ្នះ ជាវរជន បច្ចុប្បន្នចូលនិវត្តន៍។
ឯកឧត្តមប្រធានប្រតិភូបានសម្តែងការកោតសសើរចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់ លោកយាយ គង់ សារឿន ដែលបានលះបង់គ្រប់បែបយ៉ាង ចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន លោកជំទាវ ឈុន សារឹម ព្រមទាំងសមាជិក សមាជិកាប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកយាយ គង់ សារឿន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់រក្សាលោកយាយមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕
ដោយ ហេង សម្បត្តិ
