ប្រទេសអាល្លឺម៉ង់គ្រោងនឹងផ្តល់ជំនួយយោធាទ្វេដងដល់អ៊ុយក្រែននៅឆ្នាំក្រោយ
បែរឡាំង៖ សារព័ត៌មាន Bloomberg កាលពីថ្ងៃសៅរ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះបានរាយការណ៍ដោយដកស្រង់ពីប្រភពច្បាស់ការណ៍ថា អធិការបតីរបស់អាល្លឺម៉ង់លោក Olaf Scholz បានយល់ព្រមបង្កើនជំនួយយោធាអាល្លឺម៉ង់ទ្វេដងសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ ដោយបង្កើនជំនួយដល់ទៅ ៨ពាន់លានអឺរ៉ូ ឬ៨,៥៤ ពាន់លានដុល្លារ។
ប្រសិនបើគម្រោងនេះត្រូវបានអនុម័តដោយសភានៅទីក្រុងបែរឡាំងនោះ វានឹងជំរុញឱ្យការចំណាយលើវិស័យការពារជាតិរបស់អាល្លឺម៉ង់កើនលើសពី ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបដែលជាគោលដៅដែលអាល្លឺម៉ង់ខ្លួនឯងបានសន្យាជាមួយសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
សារព័ត៌មាន Bloomberg បានបន្តរាយការណ៍ថា ក្រៅតែពីសមាជិកសភានៃសង្គមប្រជាធិបតេយ្យ Scholz ក៏មានគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សបៃតងបានយល់ព្រមលើការបង្កើនការចរចាលើគម្រោងថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៤ ដែលបានស្នើឡើងក្នុងសប្តាហ៍នេះផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រសួងការពារជាតិអាល្លឺម៉ង់មិនអាចទាក់ទងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ។
សូមជម្រាបដែរថា អាល្លឺម៉ង់គឺជាប្រទេសផ្តល់ជំនួយយោធាធំបំផុតសម្រាប់អ៊ុយក្រែននៅអឺរ៉ុប ហើយជាប្រទេសទីពីរលើពិភពលោកបន្ទាប់ពីអាមេរិក។ បើយោងតាមទិន្នន័យដែលតាមដានដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក គិតត្រឹមពេលនេះអាល្លឺម៉ង់បានបញ្ជូនជំនួយយោធាជាង ១៧ ពាន់លានអឺរ៉ូហើយដល់អ៊ុយក្រែន។
ជំនួយយោធាសំខាន់ៗក្នុងនោះរួមមានទាំងរថក្រោះប្រយុទ្ធទំនើប Leopard 2, រថពាសដែកប្រយុទ្ធ Marder, ប្រព័ន្ធប្រឆាំងមីស៊ីល Iris-T និង Patriot, កាំភ្លើងប្រឆាំងយន្តហោះ Gepard និងគ្រាប់រ៉ុក្កែតច្រើន៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ