វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧
(តាកែវ)៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ បានលើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧ ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងត្រៀមសាងសង់សាលារៀនមួយខ្នងពីរជាន់ ៦បន្ទប់ ដែលមានទីតាំងស្ថិតនៅ ភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការចូលរួមពីលោកអភិបាលស្រុកកោះអណ្ដែត លោកមេឃុំរមេញ និងលោកមេភូមិ សំរោង ព្រមទាំងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ ។

ឯឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ បាននាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលោកទាំងពី តែងតែយកចិត្តទុកដាក់ចំពោះសុខមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងការអនុវត្តបន្តនៃយុទ្ធសាស្ត្របច្ចកោណនៃរាជរដ្ឋាភិ បាលអាណត្តិទី៧នេះ។

ឯកឧត្តមបានណែនាំដល់ក្រុមការងារក្នុងការសិក្សាអំពីទីតាំងឱ្យ បានច្បាស់លាស់ និងសមស្របសម្រាប់កសាងអគារសិក្សានេះ ដើម្បីធានាដល់គុណភាព និងស្តង់ដារ ត្រឹមត្រូវ ហើយបន្ទាប់ពីកំណត់ទីតាំងរួច ក្រុមវិស្វករនិងមកសិក្សាបន្ថែម ព្រមទាំងគូរប្លង់ ដើម្បីចាប់ផ្តើ មការសាងសង់ឱ្យបានឆាប់សម្រាប់បំពេញតម្រូវការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សាលារៀនថ្មីមួយខ្នងដែលត្រៀមនឹងសាងសង់នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ជូនដល់ប្រជាពលរដ្ឋនៃភូមិសំរោងក្នុងឃុំរមេញស្រុកកោះអណ្តែត ខេត្តតាកែវ ដែលនឹងផ្ដល់ឱកាសដល់កូនចៅអាចទទួលបានការ សិក្សាអប់រំកាន់តែងាយស្រួល និងកាត់បន្ថយការធ្វើដំណើរឆ្ងាយពីផ្ទះ ៕
ដោយ-រ៉ាវុធ