ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីចិន គ្រោងជួបគ្នានៅសប្តាហ៍ក្រោយបន្ទាប់ពីកិច្ចប្រជុំកំពូលអេប៉ិច
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង( Xi Jinping )ត្រូវបានគេរំពឹងថានឹងធ្វើកិច្ចពិភាក្សាកំពូលដាច់ដោយឡែក បន្ទាប់ពីកិច្ចប្រជុំ អេប៉ិច(APEC) នៅទីក្រុង សានហ្រ្វាន់ស៊ីស្គូ(San Francisco) នាសប្តាហ៍ក្រោយ ខណៈដែលប្រទេសទាំង២ស្វែងរកការពង្រឹងស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងដែលតានតឹង តាមរយៈការជួបផ្ទាល់ជាលើកទី២ ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ។
ទោះយ៉ាងណា គិតមកទល់ពេលនេះជំនួបរវាងប្រធានាធិបតីកំពូលទាំងពីរ មិនមានព័ត៌មានលម្អិតសូម្បីបន្តិចសោះឡើយពីពិធីការ ថាតើពួកគេស្វាគមន៍គ្នាដោយរបៀបណា មានការទទួលទានអាហារឬទេ និងសូម្បីតែទីតាំងនៃជំនួបក៏មិនមានឡើយ។
បើតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្ររបស់រដ្ឋាភិបាលចិនមិនបានបញ្ជាក់អំពីកាលបរិច្ឆេទ ឬទីតាំងនោះទេ។ ចំណែកឯសេតវិមានមានការព្រួយបារម្ភ និងលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខ ដោយអាចនិយាយត្រឹមថាកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅតំបន់ឆ្នេរសមុទ្រ។
ភាពអាថ៌កំបាំងនៃជំនួបកំពូលរវាងប្រទេសទាំងពីរ នេះបង្កឱ្យមានការងឿងឆ្ងល់ថា តើនឹងមានសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំទេ ហើយតើសម័យប្រជុំនឹងបង្ហាញជាសាធារណៈដែរឬយ៉ាងណា។
ដោយឡែក បើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបាននិយាយថា ផែនការនេះគឺនឹងកំណត់ឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនាស៊ីជម្រៅលើបញ្ហាដែលនឹងត្រូវបែងចែកទៅជាវគ្គផ្សេងៗគ្នា។ មន្ត្រីជាន់ខ្ពស់រូបនេះក៏រំលេចដែរថា ជំនួបនេះនឹងក្លាយជាដំណើរលើកដំបូងរបស់លោក ស៊ី ទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេល ៦ឆ្នាំ និងជាលើកដំបូងរបស់លោកទៅកាន់ទីក្រុង San Francisco ចាប់តាំងតែកាលពីពេលដែលលោកនៅជាលេខាបក្សកុម្មុយនិស្តខេត្ត។
បើតាមលោកស្រី Bonnie Glaser នាយកគ្រប់គ្រងកម្មវិធីឥណ្ឌូ-ប៉ាស៊ីហ្វិកនៅ German Marshall Fund បាននិយាយថា សម្រាប់កិច្ចប្រជុំនាពេលខាងមុខ ក្រុមរបស់លោក Xi ទំនងជាជំរុញឱ្យកិច្ចប្រជុំធ្វើឡើងនៅតំបន់មួយដែលឆ្ងាយពីកន្លែងកិច្ចប្រជុំ APEC និងជំរុញឱ្យមានការពិភាក្សាមានរយៈពេលវែងជាងគ្រាជំនួបដែលធ្វើឡើងនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ