មេដឹកនាំក្រុមហេសបូឡា ៖ កងជីវពលខ្លួននឹងបង្កើនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល
បេរូត៖ មេដឹកនាំចលនាក្រុមហេសបូឡានិយាយថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់សព្វាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃលើប្រទេសអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅតំបន់ហ្គាហ្សា។ Read. មេដឹកនាំចលនាក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសលីបង់ លោក Hassan Nasrallah បានបញ្ជាក់ថា កងកម្លាំងក្រុមខ្លួនបានចាប់ផ្តើមប្រើប្រាស់អាវុធថ្មីៗ ក្នុងការវាយប្រហារប្រចាំថ្ងៃទៅលើអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង។ បន្ថែមលើនេះ ពួកយើងក៏កំពុងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតផងដែរ។
លោក Nasrallah បន្តថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ការតស៊ូបានជំរុញសកម្មភាពរបស់យើងនៅសមរភូមិជួរមុខប្រទេសលីបង់ ទាំងផ្នែកបរិមាណ និងគុណភាពអាវុធជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្តែងថ្មីៗនេះ ក្រុមខ្លួនបានប្រើប្រាស់ Burkan ដែលជាមីស៊ីលអាចផ្ទុករំសេវពី ៣០០ ទៅ ៥០០គីឡូក្រាម ដល់ជិតកន្លះតោន ក្នុងការប្រយុទ្ធនឹងអ៊ីស្រាអែល។
គួរបញ្ជាក់ថា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការវាយប្រហារគ្នាជារៀងរាល់ថ្ងៃ ជាពិសេសរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ជាថ្ងៃដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសបើកវាយលុកប្រឆាំងទៅលើទឹកដីអ៊ីស្រាអែល ដែលបង្កឱ្យមានសង្គ្រាមដូចសព្វថ្ងៃនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


