សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងចែករំលែកទិន្នន័យព្រមានពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង នៅចុងឆ្នាំនេះ
សេអ៊ូល៖ ប្រមុខការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ បានព្រមព្រៀងដំណើរការប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន ដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខត្រីភាគី បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វុនសិក ខណៈដែលរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាមេរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើនេះ ប្រមុខការពារជាតិទាំងបីបានវាយតម្លៃពីបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងពីកូរ៉េខាងជើង។

ចំណែកក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដែរថា ក្រុមរដ្ឋមន្ត្រីការពារជាតិបានវាយតម្លៃថា ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការចែករំលែកទិន្នន័យព្រមាន ពីការធ្វើតេស្ដមីស៊ីលកូរ៉េខាងជើង កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ និងបានឯកភាពគ្នាដំណើរការយន្ដការនេះជាផ្លូវការនៅខែធ្នូខាងមុខ។
សូមជម្រាបថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនឹងគ្នា នៅចំពោះមុខការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ដោយកូរ៉េខាងជើងក្នុងឆ្នាំនេះ។ ទន្ទឹមគ្នា មន្ត្រីកំពូលក៏បានយល់ព្រមដាក់ផែនការរយៈពេលច្រើនឆ្នាំ សម្រាប់សមយុទ្ធត្រីភាគីទៀងទាត់នៅចុងឆ្នាំនេះ សម្រាប់ការបណ្តុះបណ្តាលជា “ប្រព័ន្ធ និងមានប្រសិទ្ធភាព” បន្ថែមទៀតចាប់ពីខែមករា ដើមឆ្នាំ២០២៤៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា