មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង គឺជាការអភិវឌ្ឍន៍បោះជំហានទៅមុខដ៏ធំមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា
(ភ្នំពេញ)៖ អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សុទ្ធរិទ្ធិពង្ស បានថ្លែងលើកឡើង ក្នុងពិធីប្រគល់-ទទួល មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង កាលពីចុងសប្តាហ៍ថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះ គឺជាការឧបត្ថម្ភរបស់ ក្រុមហ៊ុន CANOPY SAND Development ជូនដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដោយបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៥០០ម៉ែត្រការ៉េ ដោយសំណង់អាគារនេះមានកំពស់មួយជាន់ មាន៤បន្ទប់ និងមានឃ្លាំងសម្រាប់ទុកសម្ភារ:ទូកក្តោងចំនួន១ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ Bay of Light ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកថា សមិទ្ធិផល នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះ គឺជាការអភិវឌ្ឍន៍បោះជំហានទៅមុខដ៏ធំមួយរបស់ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវិស័យកីឡាទូកក្តោងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទីតាំងនេះ នឹងក្លាយទៅជាទីតាំងនៃការបណ្តុះបណ្តាលក្រុមកីឡាករ កីឡាការិនីទូកក្តោងកំរិតខ្ពស់ និងកីឡាករ កីឡាការិនីថ្នាល ហើយក៏ជាទីតាំងសម្រាប់ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ចៅក្រម និងគ្រូបង្វឹកកំរិតជាតិ និងអន្តរជាតិផងដែរ ជាពិសេសគឺជាទីតាំងសម្រាប់បម្រើដល់ការរៀបចំការប្រកួតកីឡាទូកក្តោងទាំងកំរិតថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយអំពីប្រភេទកីឡាទូកក្តោងទៅដល់ប្រជាជនកម្ពុជា និងបរទេស ដើម្បីមកសាកល្បង និងចូលរួមហ្វឹកហាត់កីឡាទូកក្តោង។

មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងនេះ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់កីឡាទេសចរណ៍ ដោយអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលមកកម្សាន្ត និងមើលឃើញពីការអភិវឌ្ឍន៍នៃហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ខេត្តព្រះសីហនុ។ នេះគឺជាជោគជ័យថ្មីមួយ របស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា បន្ទាប់ពីការធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយទទួលបានមេដាយចំនួន ២គ្រឿង គឺមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Windsurfing RS:One និងមេដាយសំរិទ្ធ ១គ្រឿងលើវិញ្ញាសា Windsurfing RS:X។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើង ក្រោមវត្តមាន លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា តំណាងដ៏ ឯកឧត្តម ថាង ហ្គោដុន ប្រធានសហព័ន្ធ និងឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា និង លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group និងលោក Jimmy He ប្រធានគ្រប់គ្រងក្រុមហ៊ុន Canopy Sand Development ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Prince Holding Group។
សូមបញ្ជាប់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ និងពិធីសម្ភោធដាក់អោយដំណើរការមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទ ៖ ជាវ ចន្ធូ