សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានលើកឡើងថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហាញពីភាពបន្ទាន់និងចាំបាច់ នៅក្នុងរបៀបវារៈសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះ ដែលយើងមានបំណងរៀបចំការធ្វើដំណើររួមគ្នា រវាងរាជរដ្ឋាភិបាល-ផ្នែកឯកជនតាំងពីដើមអាណត្តិ ឱ្យមានភាពស៊ីចង្វាក់គ្នា និងភាពសុខដុម ដែលនឹងអាចសម្រេចបាននូវមហិច្ឆិតារួមរបស់កម្ពុជា គឺចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នេះ គឺជាការសន្យាដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជាសម្រាប់រូបសម្តេចផ្ទាល់ក្នុងការដឹកនាំវេទិកាជាលើកទី១ ហើយក៏ជាលើកទី១សម្រាប់កម្ពុជាទាំងមូល ក្នុងរយៈពេល៤ឆ្នាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ