អង្គការសហប្រជាជាតិកំពុងពិភាក្សាបង្កើតសន្ធិសញ្ញាប្លាស្ទិក ប៉ុន្តែត្រូវបានរារាំងដោយក្រុមប្រទេសផលិតប្រេង

ណៃរ៉ូប៊ី៖ ក្នុងសប្ដាហ៍នេះ មេដឹកនាំពិភពលោកនឹងជួបប្រជុំនៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា ដើម្បីជជែកពិភាក្សាអំ​ពីការបង្កើតសន្ធិសញ្ញាកាត់បន្ថយការបំពុលប្លាស្ទិក ។ពួកគេនឹងជជែកគ្នាត្រង់ចំណុចសំខាន់ៗថាតើត្រូវកំណត់បរិ​មាណនៃការផលិតប្លាស្ទិក ឬគ្រាន់តែផ្តោតលើការគ្រប់គ្រងសំណល់ប្លាស្ទិកហើយពួកគេសង្ឃឹមថា សន្ធិសញ្ញានេះនឹងអាច​ដាក់ចេញជាផ្លូវការនៅចុងឆ្នាំ២០២៤។​

លោក ដេវីដ អាស៊ូឡេយ (David Azoulay) មេធាវីនៅមជ្ឈមណ្ឌលច្បាប់បរិស្ថានអន្តរជាតិ ដែលជាអ្នកសង្កេតការ​ណ៍ក្នុងកិច្ចពិភាក្សាបាននិយាយថា «យើងស្ថិតនៅត្រង់ចំណុចមួយ ដែលត្រូវប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក»។ បច្ចុប្បន្ននេះ ពិភពលោកកំពុងផលិតកាកសំណល់ប្លាស្ទិកចំនួន ៤០០ លានតោនក្នុងមួយឆ្នាំ ហើយមានតែ ១០ភាគរយ ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ។ភាគច្រើននៃកាកសំណល់ត្រូវបានដឹកទៅចាក់ចោលនៅ​កន្លែង​ចាក់​សំរាម និងខ្លះ​ទៀតកំពុងក្លាយទៅជាសំណល់​បំពុល​មហាសមុទ្រ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតប្រេង ដែលជារឿយៗក៏បានផលិតប្លាស្ទិកផងដែរនោះ កំពុងស្វែងរកប្រភពចំណូ​លថ្មី ដោយសារតែពិភពលោកកំពុងព្យាយាមកាត់បន្ថយថាមពលឥន្ធនៈហ្វូស៊ីល។ នេះ​មាន​ន័យ​ថា ចំនួន​ផលិតកម្ម​ប្លាស្ទិក​អាចនឹង​កើន​ឡើង​ក្នុង​ទសវត្សរ៍​ខាង​មុខនេះ ។សព្វ​ថ្ងៃ​នេះ ៩៨ភាគរយនៃប្រភេទប្លាស្ទីកដែល​ប្រើ​បាន​តែ​មួយ​ដង ដូចជា​ដបទឹក និងប្រអប់ប្លាស្ទិកជាដើម គឺសុទ្ធតែ​ផលិតដោយប្រើ​ឥន្ធនៈ​ហ្វូស៊ីល នេះបើយោងតាមកម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ។​

សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀតដូចជា ជប៉ុន កាណាដា និងកេនយ៉ា ចង់បានសន្ធិសញ្ញាដែលបង្ខំឱ្យប្រទេសនា​នាកាត់បន្ថយការផលិត និងការប្រើប្រាស់ប្លាស្ទិក និងហាមប្រាម ឬរឹតបន្តឹងផ្លាស្ទីកដែលបង្កគ្រោះថ្នាក់។ ប៉ុន្តែ ប្រទេ​ស​ឧស្សាហកម្មផ្លាស្ទីក និងប្រទេសនាំចេញប្រេង និងគីមីឥន្ធនៈ ដូចជា អារ៉ាប៊ីសាអូឌីត បានប្រឆាំងនឹងគោលបំណងបង្កើតសន្ធិសញ្ញានេះ។ ពួកគេចង់ឱ្យសន្ធិសញ្ញានេះផ្តោតលើការកែច្នៃឡើងវិញ និងការប្រើប្រាស់ឡើងវិញនូវប្លាស្ទិកជំ​នួ​សឱ្យការរឹតបន្តឹងលើការផលិត។​

អារ៉ាប៊ីសាអូឌីត បានលើកឡើងថា បញ្ហានៃការបំពុលប្លាស្ទិក គឺបណ្តាលមកពីការគ្រប់គ្រងកាកសំណល់មិនល្អ។ ដោ​យឡែក សហរដ្ឋអាមេរិកធ្លាប់​ចង់​ឱ្យមាន​សន្ធិសញ្ញា​ដែល​តម្រូវ​ឱ្យ​ប្រទេសនានា​បង្កើត​ផែនការ​គ្រប់គ្រង​ប្លាស្ទិក​ ប៉ុន្តែឥ​ឡូ​វនេះ អាមេរិកបានប្រកាសថា សន្ធិសញ្ញាគួរតែមានការកំណត់គោលដៅរួមជាសកលដើម្បីកាត់បន្ថយការបំពុលប្លាស្ទិក ហើយប្រទេសនានាគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរួមទាំងនោះរៀងៗខ្លួន។​

សម្រាប់ក្រុមប្រឹក្សាអន្តរជាតិនៃសមាគមគីមី (ICCA) វិញ ចង់ឱ្យសន្ធិសញ្ញាផ្តោតលើមធ្យោបាយកែច្នៃ និងការប្រើប្រា​ស់ឡើងវិញនូវប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព។ អ្នក​នាំ​ពាក្យសមាគម​នេះ​បាន​និយាយ​ថា «សន្ធិសញ្ញា​គួរ​តែ​ផ្ដោតលើ​ការ​បញ្ចប់​ការ​បំពុលដោយប្លាស្ទិក មិនមែន​បញ្ឈប់​ការ​ផលិត​ប្លាស្ទិក​នោះ​ទេ»។

សម្រាប់ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល និងគីមីឥន្ធនៈវិញ ប្រាកដណាស់ពួកគេមិនពេញចិត្តនឹងសន្ធិសញ្ញាប្លាស្ទិកនេះនោះទេ ព្រោះវានឹងមានផលប៉ះពាល់ចំពោះប្រាក់ចំណេញរបស់ពួកគេ។ ផ្ទុយទៅវិញ ពួកគេចង់ឱ្យប្រទេសនីមួយៗមានទំនួលខុសត្រូវលើការសម្អាតការបំពុលប្លាស្ទិក ជាជាងការដែលតម្រូវឱ្យឧស្សាហកម្មនេះជាអ្នកទទួលខុសត្រូវ។ និយាយជារួមគឺថា​ ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសដែលសម្បូរប្រេងផ្សេងទៀតដូចជា រុស្ស៊ី អ៊ីរ៉ង់ គុយបា ចិន និងបារ៉ែន កំពុងព្យាយាមធ្វើឱ្យសន្ធិសញ្ញាប្លាស្ទិកពិភពលោកនេះមិនអាចធ្វើឡើងទៅរួច ព្រោះដើម្បីកុំឱ្យពួកគេត្រូវបាត់បង់ប្រាក់ចំណេញ។​​​

បន្ថែមលើនេះ អារ៉ាប៊ីសាអូឌីតកំពុងរារាំងវឌ្ឍនភាពសន្ធិសញ្ញាផ្លាស្ទីកនេះ ដោយទាមទារឱ្យមានការសម្រេចអ្វីមួយ ត្រូវធ្វើ​ឡើងដោយគោលការណ៍កុងសង់ស៊ីស ដែលនេះមានន័យថា ប្រសិនបើប្រទេសណាមួយមិនយល់ស្រប នោះសន្ធិសញ្ញាមិនអាចធ្វើទៅបាននោះឡើយ ។ការណ៍នេះបានផ្តល់ឱ្យអារ៉ាប៊ីសាអូឌីត នូវឥទ្ធិពលក្នុងការរារាំងការប្រព្រឹត្តិទៅនៃសន្ធិសញ្ញានេះបាន។

រីឯក្រុមបរិស្ថានវិញ ពួកគេកំពុងជំរុញឱ្យអ្នកចរចា កុំរវល់តែជជែកពិភាក្សាទៅតាមនីតិវិធីទាំងនេះ ពោលគឺត្រូវផ្តោតលើចំណុចសំខាន់ៗនៃសន្ធិសញ្ញា ដូចជាវិធីកាត់បន្ថយការផលិតប្លាស្ទិក និងការបំពុលជាដើម ។ក្រុមបរិស្ថានបានបន្ថែមថា អ្នកចរចាត្រូវតែផ្តោតលើការកាត់បន្ថយការផលិតប្លាស្ទិក និងការធ្វើតេស្តសារធាតុគីមីទាំងអស់នៅក្នុងប្លាស្ទិក ជាជា​ងការជាប់គាំងក្នុងការជជែកពិភាក្សាគ្នាតាមនីតិវិធី ឬដំណោះស្រាយដែលមិនបានដោះស្រាយឫសគល់នៃបញ្ហាពិតប្រា​​កដ៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Reuters In UN talks for a global plastic treaty, delegates to face off over production limits

ads banner