AVIVoice Ep139 ៖ ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ២)
សូមស្តាប់កម្មវិធី ៖ AVIVoice
កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយបានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។
សំណួរទី ១៖ ភ្ជាប់ជាមួយនឹងចំនុចដែលបានលើកឡើងនេះ តើរាជរដ្ឋាភិបាលកម្ពុជាគួរតែពង្រឹងនូវជំហរ និងយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្ដេចដើម្បីកែសម្រួលដល់ប្រទេសមួយចំនួនដែលតែងតែបង្ហាញអំពីទស្សនៈអវិជ្ជមានមកលើការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា?
កម្ពុជានៅតែរក្សាគោលជំហរនិងនយោបាយការបរទេសឯករាជ្យ ដោយមិនយកប្រយោជន៍ប្រទេសជាតិជាថ្នូរនិងដោះដូរទៅនឹងការអូសទាញនយោបាយនិងជំនួយរបស់បរទេសណាមួយឡើយ។ ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ អាចអនុញ្ញាតិអោយកម្ពុជាមានលំហរការទូត និងស្វ័យភាពក្នុងការដាក់ចេញយុទ្ធសាស្រ្តការទូតរបស់ខ្លួន និងជៀសផុតពីការដាក់សម្ពាធរបស់បរទេស។ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តការទូតនេះផងដែរ កម្ពុជាបានកំណត់យក ‘ចលនាមិនចូលបក្សសម្ព័ន្ធ’ ជាគោលការណ៍ស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ហើយកម្ពុជាប្រឆាំងជាដាច់ខាតក្នុងយកមហាអំណាចណាមួយឬសម្ព័ន្ធណាមួយប្រឆាំងនឹងមហាអំណាចណាមួយឬសម្ព័ន្ធណាមួយ។
ក្នុងបរិការណ៍ដែលពិភពលោកកំពុងមានការចលាចល និងធ្លាក់ចុះនៃការគោរពច្បាប់អន្តរជាតិនិងពហុភាគីនិយម កម្ពុជាក៏បានក្លាយជនរងគ្រោះនៃការធ្វើនយោបាយតូបនីយកម្មលើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ជាក់ស្តែង សហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជាថាបានអនុញ្ញាតិអោយកម្ពុជាធ្វើការអភិវឌ្ឍនិងទំនើបកម្មលើមូលដ្ឋានកងទ័ពសមុទ្រ នៅរាម និងបានចុះកិច្ចសន្យាសំងាត់ជាមួយនឹងរដ្ឋាភិបាលចិន ដែលអនុញ្ញាតិអោយកងទ័ពចិនអាចឈរជើងនៅមូលដ្ឋានទ័ពកម្ពុជាបាន។
ការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ និងមានចរិកនយោបាយនេះគឺផ្ទុយស្រលះពីរដ្ឋធមនុញ្ញកម្ពុជាដែលមិនចូលបក្សសម្ព័ន្ធនិងមិនអនុញ្ញាតិអោយកងទ័ពបរទេសអាចដាក់ទ័ពឬប្រើប្រាស់មូលដ្ឋានទ័ពកម្ពុជាដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសណាមួយឡើយ។ ជាអាទិ៍ កន្លងមកកងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានទ័ពសមុទ្ររាម ក៏បានទទួលបដិសណ្ឋារកិច្ចនិងអនុញ្ញាតិអោយនាវាចម្បាំងជប៉ុន រុស្សី អង់គ្លេស ចុះចតនិងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនានានៅក្នុងតំបន់ ហើយការជួសជុលនិងអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធាកម្ពុជា ដើម្បីបំរើដល់ការកសាងសមត្ថភាពកងទ័ពកម្ពុជាក្នុងការបំពេញតួនាទីការពារជាតិ ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់និងអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល។
គួររម្លឹកផងដែរថា កំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងរាតត្បាតនិងសម្លាប់មនុស្សអស់ជាច្រើននាក់ពាសពេញពិភពលោកនៅឆ្នាំ ២០២០ កម្ពុជាបានអនុញ្ញាតិអោយនាវាកំសាន្តដ៏ដំ Westerdam ដែលមានមនុស្សចំរុះជាតិសាសន៍ចំនួន ១៤៥៥នាក់ (ភាគច្រើនជនជាតិអាមេរិក) អោយចុះចតនៅកំពង់ផែក្រុងព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បញ្ជាអោយរដ្ឋាភិបាលកម្ពុជាធ្វើការជាមួយនឹងទូតប្រទេសនីមួយៗ អោយសម្រួលនិងបញ្ចូនពួកគេទៅកាន់ប្រទេសរបស់គេរៀងៗខ្លួន ដែលសកម្មភាពនេះហើយបានបង្ហាញថា កម្ពុជាជាប្រទេសតូចពិតមែន តែកម្ពុជាមានបេះដូងធំ ក្នុងការជួយសម្រួលទុក្ខធុរៈនិងដោះស្រាយបញ្ហាតំបន់និងសកល។ កម្ពុជានៅតែចូលរួមសកម្មភាពនយោបាយនិងការទូតជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់និងសកល ដើម្បីបង្ហាញថាកម្ពុជាមិនមានបំណងប្រឆាំងនឹងប្រទេសណាមួយ ហើយកម្ពុជាក៏មិនចង់ជ្រើសយកប្រទេសណាមួយជាបង្អែកឡើយ ពោលកម្ពុជាចង់បានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលផ្តោតលើប្រយោជន៍រួម គោរពគ្នាទៅវិញទៅមក និងចរីភាព។
សំណួរទី ២៖ បន្ថែមពីលើនេះ បើតាមការយល់ឃើញរបស់លោកផ្ទាល់ តើកម្ពុជាគួរតែធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយអំពីគោលជំហរឯករាជ្យ និងអព្យាក្រឹតរបស់កម្ពុជានៅក្នុងនយោបាយការបរទេស ឱ្យអន្តរជាតិបានយល់ឱ្យកាន់តែច្បាស់ និងកាត់បន្ថយ/ទប់ស្កាត់នូវការដាក់សម្ពាធនិងចោទប្រកាន់ដោយគ្នានមូលដ្ឋានច្បាស់លាស់តទៅទៀត?
ដើម្បីផ្សព្វផ្សាយអំពីគោលជំហរឯករាជ្យនិងអព្យាក្រឹត្យរបស់កម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ គួរតែផ្តោតលើការរក្សាតុល្យភាពអំណាចរវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក បង្កើនការចូលរួមនិងកសាងយន្តការដោះស្រាយជម្លោះជាមួយនឹងសហគមន៍អន្តរជាតិ និងចូលរួមកាន់តែសកម្មភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការថែររក្សាសន្តិភាពនិងដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី។ កម្ពុជាត្រូវការកសាងនយោបាយការបរទេសនិងយុទ្ធសាស្រ្តការទូតដែលមានភាពវ័យឆ្លាត ឯករាជ្យ បត់បែននិងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងដាច់ខាតរាល់ការវាយប្រហារ ឬអំពើហឹង្សាណាមួយដែលរំលោភលើអធិបតេយ្យភាពប្រទេសណាមួយ ឬប៉ះពាល់ដល់អាយុជីវិតប្រជាជន ជាអាទិ៍ នៅក្នុងបញ្ហាសង្រ្គាមនៅអ៊ុយក្រែន កម្ពុជាគឺជាប្រទេសដែលសកម្ម និងជាសហស្ថាបនិកសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហាររបស់រុស្សី និងអំពាវនាវអោយមានបទឈប់បាញ់និងការចរចារដោយសន្តិភាព។
ស្រដៀងគ្នានឹងនេះដែរ កម្ពុជាក៏បានព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាក្នុងលក្ខខណ្ឌបុគ្គល (រវាងសម្តេចតេជោ ហ៊ុន សែននិងលោក អាំង មីងឡាំង) និងក្របខណ្ឌអាស៊ាន ដើម្បីអោយមានបញ្ឈប់អំពើហឹង្សានិងកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកកិច្ចពិភាក្សានយោបាយណាមួយនិងសន្តិភាពនៅមីយ៉ាន់ម៉ា។ នៅក្នុងក្របខណ្ឌអន្តរជាតិ កម្ពុជាក៏បានគោរពនិងអនុវត្តទៅតាមច្បាប់អន្តរជាតិ តាមរយៈការអនុវត្តសកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ (គោលដៅអភិវឌ្ឍប្រកបដោយចរីភាព ២០៣០) ការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួននៅក្នុងនាមជាសមាជិកអង្គការអន្តរជាតិនិងតំបន់។ កាលពីឆ្នាំ ២០២២ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានទទួលរៀបចំកិច្ចប្រជុំអាស៊ានតូចធំជាច្រើន ហើយក៏ទទួលបានជោគជ័យនិងការសរសើរពីប្រទេសដទៃជាច្រើនផងដែរ។ សកម្មភាពទាំងអស់នេះហើយជាសក្ខីភាពនិងជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយអព្យាក្រឹត្យ និងឯករាជ្យរបស់ខ្លួន ដែលមហាអំណាចធំៗគួរកត់សម្គាល់និងអោយតម្លៃមកលើកម្ពុជា។
សំណួរទី ៣៖ បើយើងមើលលើទៅទិដ្ឋភាពរួម តើរាជរដ្ឋាភិបាលកម្ពុជាគួតែផ្ដល់អាទិភាពយ៉ាងណាទៅលើការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងទាំងពហុភាគី និងទ្វេភាគី ទាំងក្នុងតំបន់ និងអន្តរជាតិ?
នៅក្នុងបរិការណ៍ដែលសន្ទុះនៃការប្រកួតប្រជែងមហាអំណាច និងភាពតានតឹងនៅក្នុងតំបន់មួយចំនួនកំពុងកើនឡើង រាជរដ្ឋាភិបាលកម្ពុជានៅតែអំពាវនាវអោយភាគីពាក់ព័ន្ធទាំងអស់រក្សាឥរិយាបថចរចារដោយចំហរ ដើម្បីកសាងទំនុកចិត្តនិងស្វែងយល់អំពីតម្រូវការពីគ្នាទៅវិញ ដើម្បីឈានទៅរកការផ្សះផ្សានិងការដោះស្រាយបញ្ហាដោយសន្តិវិធី។ កម្ពុជាអោយតម្លៃខ្ពស់ទៅលើសណ្តាប់ធ្នាប់ពិភពលោកដែលយកច្បាប់ជាស្នូល និងការដោះស្រាយបញ្ហាដោយស្មារតីស្ថាបនានិងពហុភាគីនិយម។ ការធ្លាក់ចុះនៃទំនុកចិត្ត ការធ្វើនយោបាយតូបនីយកម្មលើបញ្ហាសេដ្ឋកិច្ច និងជម្លោះជាតិសាសន៍និងសាសនា បានបង្កអោយមានវិនាសកម្មនិងការបំផ្លិចបំផ្លាញសង្គមនិងអាយុជីវិត ហើយបច្ចុប្បន្នវិបត្តិនៅអ៊ីស្រាអែល ដែលបង្កឡើងរវាងក្រុមហាម៉ាសនិងកងទ័ពអ៊ីស្រាអែល និងសង្រ្គាមនៅអ៊ុយក្រែន បានធ្វើអោយសហគមន៍អន្តរជាតិមានការព្រួយបារម្ភជាខ្លាំងទៅលើស្ថានភាពសន្តិសុខអន្តរជាតិ ដែលអាចមានឥទ្ធិពលសាយភាពនិងបង្កអោយមានសង្រ្គាមធំកាន់តែខ្លាំងឡើង ខណៈ ពេលដែលមហាអំណាចចិននិងសហរដ្ឋអាមេរិកបានបញ្ចូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នោះ។
បន្ថែមពីបញ្ហាសន្តិសុខ ការស្តារសេដ្ឋកិច្ចសកលក្រោយជំងឺកូវីដ ១៩ ក៏ទាមទារអោយរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូអភិវឌ្ឍកម្ពុជា អាស៊ាន សហភាពអឺរ៉ុបនិងអន្តរជាតិ។ កម្ពុជាគួរផ្តោតលើការដាក់ចេញយុទ្ធសាស្រ្តកសាងសហគមន៍សន្តិភាពអន្តរជាតិ និងអភិវឌ្ឍ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គម ការដោះដូវប្បធម៌និងរវាងប្រជាជននិងប្រជាជន បច្ចេកវិទ្យានិងនវានុវត្តន៍ ការកសាងធនធានមនុស្ស និងការដោះស្រាយបញ្ហាសន្តិសុខសកល ដែលផ្តោតលើប្រជាជននិងសន្តិភាពជាស្នូល ជាមួយអង្គការតំបន់និងអន្តរជាតិ ក៏ដូចជាប្រទេសជាដៃគូអភិវឌ្ឍកម្ពុជា។
សំណួរទី ៤៖ ជាចុងក្រោយ តើអ្វីទៅជាក្ដីរំពឹងរបស់លោកចំពោះអនាគតនៃការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា? ហើយតើអនាគតរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិនឹងរីកលូតលាស់យ៉ាងដូចម្ដេច តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី?
‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ ដែលផ្អែកលើគោលការណ៍ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចរីភាព គឺត្រូវដើរទន្ទឹមគ្នាទៅនឹងគោលនយោបាយការបរទេសកម្ពុជា ដោយសារតែការបំរែបំរួលបរិយាកាសភូមិសាស្រ្តនយោបាយ ការធ្លាក់ចុះសេដ្ឋកិច្ចនិងសន្តិសុខសកល។ ពហុភាគីនិយម ឯករាជ្យ និងការគោរពគោលការណ៍ច្បាប់អន្តរជាតិ គឺជាគោលការណ៍ស្នូលក្នុងការដាក់ចេញនូវយុទ្ធសាស្រ្តនយោបាយការបរទេសនិងការទូតរបស់កម្ពុជា។ ការបង្កើតគោលនយោបាយការបរទេសឬុយុទ្ធសាស្រ្តការបរទេស ទាមទារអោយមានការសិក្សាស្រាវជ្រាវនិងវិភាគគ្រប់ជ្រុងជ្រោយនិងគ្រប់វិស័យ ដើម្បីធ្វើការព្យាករណ៍និងវាយតម្លៃទៅលើផលប៉ះពាល់ដល់សន្តិសុខនិងប្រយោជន៍ជាតិក្នុងការកសាងមូលដ្ឋានគ្រឹះដល់ចក្ខុវិស័យកម្ពុជា ដែលចង់ក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៥០។
——-
វាគ្មិនកិត្តិយស៖ លោក ថុង ម៉េងដាវិត ប្រធានផ្នែកស្រាវជ្រាវ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ