សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នៅតែអាចសម្រេច បាននូវ សមិទ្ធផល ជាច្រើនសម្រាប់ជាតិ និងប្រជាជន ទោះបីទទួលរងឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាល នៅតែអាចសម្រេចបាន នូវសមិទ្ធផល ជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជា ទោះបីទទួលរងឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជំងឺកូវីដ-១៩។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបើក «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី បានថ្លែងថា នៅក្នុងនីតិកាលទី៦នៃរដ្ឋសភាកន្លងទៅ កម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ និងនៅលើសាកលលោកទាំងមូល បានរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបញ្ហាប្រឈមសកលជាបន្តបន្ទាប់ រួមមាន ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩,ការប្រែប្រួលអាកាសធាតុ, សង្រ្គាមពាណិជ្ជកម្ម, ភាពតានតឹងផ្នែក ភូមិសាស្រ្តនយោបាយ,សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី, វិបត្តិថាមពល, និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតនៅក្នុងបរិការណ៍ដ៏លំបាកនេះ រាជរដ្ឋាភិបាល នៅតែអាចសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើនសម្រាប់ជាតិ និងប្រជាជនកម្ពុជាយើង ដែលរួមមានដូចជា៖

១. ការគ្រប់គ្រងដោយជោគជ័យ និងការយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩។

២. ការស្តារនិងការជំរុញសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិ។

៣. ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

៤. ការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអាស៊ី-អាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

៥. និងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាខែមិថុនា ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តដោយសេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner