ឯកឧត្តម ប៉ែន បូណា៖ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនគ្រប់កាលៈទេសៈ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តាំងពីសម័យកាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រហូតដល់អាណត្តិអ្នកបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គោលនយោបាយរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាតែងផ្តល់អាទិភាពដល់ពលរដ្ឋក្រីក្រ និងវិស័យឯកជន

ឯកឧត្តម ប៉ែន បូណា បានបន្តថា តាមរយៈវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៩ ដែលបើកធ្វើនាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងប្តូរផ្តាច់ ដូចរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដោយឥតងាករេ។

អ្នកនាំពាក្យរារដ្ឋាភិបាលបញ្ជាក់ថា សម្តេចធិបតីបានប្រកាសបន្តមិនយកភាស៊ីពីអ្នកលក់ដូរតូចតាចតាមញ្ច្រែង មិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធអចលទ្រព្យសម្លៃទាបជាង១០០លានរៀល មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមា និងប្រាក់ឈ្នួលអប្បបរាមារបស់កម្មករនិងមិនយកពន្ធផ្សេងៗទៀតយ៉ាងច្រើន។ និយាយជារួម រាជររដ្ឋាភិបាលព្យាយាមចៀសវាងមិនយកពន្ធពីអ្នកមានចំណូលទាប ដើម្បីកុំឱ្យប៉ះពាល់ជីវភាពបស់ពួកគេ។ ផ្ទុយទៅវិញ ពលរដ្ឋទាំងនោះទទួលបានការគាំពារពីរាជរដ្ឋាភិបាលមុនគេនៅពេលពួកគេជួបវិបត្តិផ្សេងៗដូចជា វិបត្តិកូវីដ-១៩ ឬគ្រោះមហន្តរាយធម្មជាតិជាដើម។

ចំពោះវិស័យឯកជនវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិសាកលដូចជាវិបត្តិជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ប៉ាឡេស្ទីនក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកឱ្យវិស័យឯកជននៅឯកោឡើយ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានដាក់ចេញវិធានការជាច្រើន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពាណិជ្ជករកំពុងជួបប្រទះសំដៅធ្វើយ៉ាងណាឱ្យផ្នែកឯកជនមានសន្ទុះទៅមុខ។

ប្រភពដដែលបន្តទៀតថា ពលរដ្ឋក្រីក្រ និងអ្នករកទទួលទានក្នុងវិស័យឯកជនបានសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនៅតែប្តូរផ្តាច់គាំពារវិស័យឯកជន ដូចអ្វីដែលសម្តេចតេជោអតីតនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើដោយឥតប្រែប្រួល។

គោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងវិស័យឯកជនយ៉ាងមោះមុតនេះហើយដែលបានឆក់ទាញបេះដូងពលរដ្ឋខ្មែរឱ្យបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជាដរាបដោយឥតងាករេ ខណៈវិស័យឯកជនវិញតែងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសគ្រប់កាលៈទេសៈរហូតធ្វើឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍយ៉ាងខ្លាំងដូចសព្វថ្ងៃ៕

ads banner