ព្រះមហាក្សត្រខ្មែរគង់ប្រថាប់ក្នុងប្រទេសបារាំង ក្នុងព្រះរាជដំណើរទស្សនកិច្ចក្រុងប៉ារីស (Video Inside)
ព្រះមហាក្សត្រខ្មែរកំពុងគង់ប្រថាប់នៅក្នុងប្រទេសបារាំង តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង។
ព្រះករុណាអមព្រះរាជដំណើរដោយលោក ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា រដ្ឋមន្ត្រីក្រសួងការបរទេស, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា និងមន្ត្រីជាន់ខ្ពស់នានាដទៃ របស់រាជរដ្ឋាភិបាល បានយាងចាកចេញពីប្រទេសកម្ពុជា នាថ្ងៃទី១២វិច្ឆិកា។
ព្រះរាជដំណើររបស់ ព្រះអង្គក្នុងប្រទេសបារាំង គឺដើម្បីយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ សម្រាប់ការការពារ និងអភិវឌ្ឍន៍អង្គរ ដែលប្រព្រឹត្តទៅក្នុងទីស្នាក់ការកណ្តាលអង្គការយូណេស្កូ ក្នុងក្រុងប៉ារីស។
នៅថ្ងៃទី១៣វិច្ឆិកា, ព្រះមហាក្សត្របានធ្វើព្រះរាជសវនាការជាមួយប្រធានាធិបតីបារាំង នាវិមានស្ហំអេលីហ្សេ Champs Elysees និងព្រះរាជទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ត្រូវបានមន្ត្រី នៃប្រទេសទាំង២ បានចាត់ទុកជាស្មារតីពង្រឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងបារាំង ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ។ ព្រះករុណាព្រះមហាក្សត្រនឹងយាងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី១៨វិច្ឆិកា។