ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំង ពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់ កម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាគន្លឹះសម្រាប់ផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់ ប្រកបដោយចិរភាព និងបរិយាបន្ន។
សម្តេចធិបតី បានបន្តថា ការមានកម្លាំងពលកម្ម និងជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ក្នុងការគាំទ្រដល់ការធ្វើបរិវត្តកម្ម គ្រប់វិស័យនៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញនិងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញការវិនិយោគមកកាន់កម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការមានជំនាញគ្រប់គ្រាន់ នឹង ផ្តល់ លទ្ធភាពកាន់តែខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យអាចចូល រួមចាប់ យកឱកាស និងទទួលយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច សំដៅ ឆ្លើយតបទៅនឹងសេចក្តីប្រាថ្នារបស់ខ្លួន ក្នុងការមានប្រាក់ចំណូល និង កម្រិតជីវភាពកាន់តែខ្ពស់ និងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ




