ស្នងការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាឱ្យកម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌព្រែកព្នៅ និងតាមបណ្តាខណ្ឌផ្សេងទៀតត្រូវបង្រ្កាប ក្មេងទំនើងឱ្យមានប្រសិទ្ធភាព
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងក្នុងកិច្ចប្រជុំសំណេះ សំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាក់បទបញ្ជា ឱ្យ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ និងកម្លាំងតាមបណ្តា អធិការដ្ឋាននគរ បាល ខណ្ឌផ្សេងទៀត ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព នៅខណៈដែល គេមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកំរើកឡើងវិញនៅតាមទីសាធារណៈ។ នៅបន្ទាប់ពីក្មេងទំនើងមានភាពស្ងប់ស្ងាត់កន្លងមកដោយសារនៃការអនុវត្តន៍យុទ្ធនាការបង្រ្កាបក្មេងទំនើង។
ឯកឧត្តមស្នងការ ក៏បានលើកឡើងទៀតថា៖ក្មេងទំនើងអាចបង្ក ឱ្យមាន ការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំនគរបាល ខណ្ឌព្រែកព្នៅទៀតថា៖ដោយឡែកពាក់ព័ន្ធនិងការងារបទល្មើស គ្រឿង ញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូន ប្រជាពលរដ្ឋពីព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចនិងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។
ឯកឧត្តមស្នងការ ក៏បានណែនាំដល់កម្លាំងនគរបាលខណ្ឌព្រែកព្នៅ ត្រូវស្មោះ ត្រង់និងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនិងបទល្មើស គ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌដែលជាបទល្មើសមាន ហានីភ័យ ដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាល ជាតិឱ្យបានខ្ជាប់ខ្ជួននិងមានការគ្រប់គ្រងកម្លាំងឱ្យបានម៉ឺងម៉ាត់ជាមួយនឹងការ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការ បែងចែកភារកិច្ចដល់មន្រ្តីអនុវត្កការងារតាមជំនាញ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី