ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជាផ្តល់អាហារូបករណ៍ជាច្រើន សម្រាប់សិស្សនិស្សិតខ្មែរដែលចង់ទៅបន្តការសិក្សា
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាលារងារនិងជាមួយ ឯកឧត្ដម Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយនារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នៅទីស្តីការក្រសួងអប់រំយុវជននិងកីឡា។

ក្នុងជំនួបនេះ ឯកឧត្ដម Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា បានបង្ហាញពីឆន្ទៈក្នុងការរឹតបណ្តឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរ និងបានផ្តល់ព័ត៌មានអំពីអាហារូបករណ៍ជាច្រើន សម្រាប់សិស្សនិស្សិតខ្មែរដែលចង់ទៅបន្តការសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។
តបនឹងការលើកឡើងខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការនានា របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាកន្លងមក ព្រមទាំងរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងឈានទៅសម្រេចគោលដៅជាច្រើនបន្ថែមទៀត លើវិស័យអប់រំនៅកម្ពុជានាពេលខាងមុខ៕


ដោយ-រ៉ាវុធ