រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ វិស័យកសិកម្មគឺជាវិស័យអាទិភាពមួយ ដូច្នេះ ទំហំនិងកម្រិត នៃខ្លឹមសារសម្រាប់ផ្សព្វផ្សាយ ចាំបាច់ត្រូវបញ្ជ្រាបឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម គួច វែងស្រ៊ុន ប្រធានក្រុមការងារព័ត៌មានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយ ចាំបាច់ត្រូវមានការសហការគ្នា យល់ពីគ្នា មានការគ្រប់គ្រងច្បាស់លាស់ មានភាពម្ចាស់ការទទួលខុសត្រូវ មុននឹងចេញផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានច្បាស់លាស់ និងស៊ីជម្រៅ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដូច្នេះ ទំហំនិងកម្រិតនៃខ្លឹមសារសម្រាប់ផ្សព្វផ្សាយ ចាំបាច់ត្រូវបញ្ជ្រាបឱ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា គោលនយោបាយបាយអាទិភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ទី៥ និងទី៦ ជាចំណុចស្នូល នៃការអភិវឌ្ឍវិស័យកសិកម្ម រួមមាន៖ ការបញ្ចុះថ្លៃដើមផលិត ដើម្បីជំរុញការនាំចេញ និងប្រកួតប្រជែងលើទីផ្សារ ការជំរុញសហគមន៍កសិកម្មគំរូថ្មី និងការដាក់ពង្រាយមន្ដ្រីកសិកម្មឃុំ ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករ ។
សូមជម្រាបជូនអំពីគោលនយោបាយទី៥ និងទី៦ គឺគោលនយោបាយទី៥៖ ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមរយៈការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន (ការផ្ដល់ប្រាក់កម្ចីដើម្បីប្រកបមុខរបរកសិកម្ម) ជាពិសេស គឺទទួលបាននូវការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់ឡើយ។ ទី៦៖ រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ដែលមានពលរដ្ឋប្រកបរបរកសិកម្ម និងបង្កើតសហគមន៍កសិករនៅទូទាំងប្រទេសដើម្បីការពារផលប្រយោជន៍របស់កសិករ៕




ប្រភព៖ក្រសួងកសិកម្ម