កូរ៉េខាងជើងហៅក្រុមប្រទេស G7 ថាជាកម្ទេចកម្ទីរដែលសល់ពីសង្គ្រាមត្រជាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានរិះគន់ក្រុមប្រទេស G7 ថាជាកាកសំណល់ដែលបន្សល់ពីសង្គ្រាមត្រជាក់ និងជាក្រុមប្រទេសដែលបង្កជម្លោះ ដើម្បីតែផលប្រយោជន៍ខ្លួន ហើយមិនអើពើនឹងអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។

អគ្គនាយកនៃនាយកដ្ឋានអង្គការអន្ដរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង លោក ចូ ឈូ ស៊ូ (Jo Chol Su) ថ្កោលទោសប្រទេស G7 ចំពោះការមួលបង្កាច់លើសិទ្ធិការពារខ្លួន និងអធិបតេយ្យភាពរបស់កូរ៉េខាងជើង។ លោកក៏បានបន្ថែមថា ប្រទេស G7 គឺជាប្រភពគ្រោះថ្នាក់ ដែលបំផ្លាញដល់សន្ដិភាព និងសន្ដិសុខពិភពលោក ហើយជាអ្នករារាំងក៏ធំដល់ការបង្កើតនូវប្រព័ន្ធអន្ដរជាតិមួយដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវ។ ប្រទេសទាំងនេះមិនមែនតំណាងឱ្យសហគមន៍អន្ដរជាតិទាំងមូលទេ ប៉ុន្ដែពួកគេរក្សាការពារតែផលប្រយោជន៍សម្រាប់ប្រទេសមួយចំនួនតែប៉ុណ្ណោះ។

ការរិះគន់របស់កូរ៉េខាងជើងចំពោះក្រុមប្រទេស G7 នេះ កើតឡើងស្របពេលដែលកូរ៉េខាងត្បូងកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ដែលមានប្រទេសជាសមាជិកចំនួន ១៧ ចូលរួម។ កិច្ចប្រជុំ ត្រូវបានគេរំពឹងថានឹងផ្ដោតសំខាន់ទៅលើការឆ្លើយតបទៅនឹងរាល់ទង្វើដែលអាចចាត់ទុកថាជាអំពើហិង្សាដែលបង្កដោយកូរ៉េខាងជើង។

គួររំលឹកថា ក្រុមប្រទេស G7 បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ក្រោយជំនួបកំពូលនៅទីក្រុងតូក្យូ កាលពីសប្ដាហ៍មុន ដែលបានផ្ដោតសំខាន់ទៅលើបញ្ហាធំៗមួយចំនួន តួយ៉ាងមានដូចជាការអំពាវនាវឱ្យមានការផ្អាកការបាញ់គ្នានៅតំបន់ហ្កាហ្សា ដើម្បីបុព្វហេតុមនុស្សធម៌ ការធានាយ៉ាងមុតមាំឡើងវិញចំពោះការគាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី និងការថ្កោលទោសការធ្វើតេស្ដមីស៊ីល និងការបញ្ជូនសព្វាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី៕

ប្រភព៖ The Strait Times ប្រែសម្រួលដោយ សាន ស្រីលក្ខណ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner