មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាគាំទ្រអ៊ីស្រាអែល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស នៅរដ្ឋធានីវ៉ាស៊ីនតោន
វ៉ាស៊ីនតោន៖ មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំមួយនៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីគាំទ្រអ៊ីស្រាអែល និងថ្កោលទោសក្រុមហាម៉ាស ខណៈប៉ុន្មានសប្តាហ៍មកនេះ បាតុកម្មភាគច្រើនបង្ហាញពីការគាំទ្រប៉ាឡេស្ទីននៅទូទាំងសហរដ្ឋអាមេរិក។
បាតុកម្មនេះ ត្រូវបានគេដាក់ឈ្មោះថា “March for Israel” ឬ “ការដើរក្បួនគាំទ្រអ៊ីស្រាអែល” ដែលផ្តោតលើការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម និងការអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំង នេះបើយោងតាមសហព័ន្ធជ្វីហ្វនៃ Greater Washington ដែលជាអ្នកផ្តួចផ្តើមគំនិតមួយដែរ។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹម ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីហ្សាក់ ហើហ៊្សុក បានប្រាប់ក្រុមអ្នកគាំទ្រថា ពួកគេកំពុងដើរក្បួនដើម្បីសិទ្ធិរបស់ជនជាតិអ៊ីស្រាអែលគ្រប់រូប ក្នុងការរស់នៅប្រកបដោយមោទនភាព និងសុវត្ថិភាពនៅក្នុងទឹកដីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏ដូចជាពិភពលោក ហើយគ្មាននរណាម្នាក់នឹងបំបែកយើងទេ។
មនុស្សម្នាជាច្រើនបានគ្រវីបដាអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេ នៅថ្ងៃទី០៧ ខែតុលា នៅលើទឹកដីអ៊ីស្រាអែល ដែលអាជ្ញាធរនៅទីនោះនិយាយថា បានសម្លាប់មនុស្សជាង ១,២០០នាក់។
ជាការសងសឹកវិញនោះ អ៊ីស្រាអែលបានវាយប្រហារឥតឈប់ឈរជាច្រើនសប្តាហ៍ទៅលើតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយមន្ត្រីនៅទីនោះនិយាយថា បានសម្លាប់មនុស្សជាង ១១,៣០០នាក់ ហើយរាប់ពាន់នាក់គឺជាកុមារ៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា