ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ ទី៧ បានយកចិត្តទុកដាក់លើវិស័យដីធ្លី ក្នុងការជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាមួយ ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានយកចិត្តទុកដាក់លើវិស័យដីធ្លី ក្នុងការជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាមួយការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ ជំរុញ និងគាំទ្រដល់ការងារចុះបញ្ជីដីនៅខេត្តកណ្តាល នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងជម្រុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ អនុវត្តនូវគោលនយោបាយ ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយក្នុងនោះក្រសួងបានខិតខំប្រឹងប្រែងក្នុងការកសាងច្បាប់ និងបញ្ចប់វិវាទ ក្រោមគោលនយោបាយឈ្នះៗនៃម្លប់សុខសន្តិភាពដែលកម្ពុជាកំពុងមាន ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏កំពុងឱ្យមន្រ្តីជំនាញពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ ហើយសូមលើកទឹកចិត្តដល់យុវជន និងអ្នកស្ម័គ្រចិត្ត ឲ្យចូលរួមជាមួយថ្នាក់ដឹកនាំក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេសតាមមន្ទីររាជធានី-ខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវនឹងការជឿទុកចិត្ត ។ ជាងនេះទៅទៀតអាជ្ញាធរ និងមន្រ្តីជំនាញក្នុងខេត្តកណ្តាល ត្រូវចុះបញ្ជីដីធ្លីបង្ហើយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដែលនេះគឺជាកិច្ចការដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងជំរុញដើម្បីឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ការដោះស្រាយបញ្ចប់វិវាទដីធ្លីនៅកម្ពុជា គឺបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេសក្នុងការមកបណ្តាក់ទុកនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជម្រុញសេដ្ឋកិច្ចជាតិ និងប្រជាជនឱ្យកាន់តែមានការរីកចម្រើន ជាមួយនឹងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសសហសម័យនាពេលខាងមុខផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រគល់ឧបករណ៍ សម្ភារៈ បម្រើឲ្យការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដល់មន្រ្តីជំនាញ និងយុវជនស្ម័គ្រចិត្ត ក្នុងមូលដ្ឋានខេត្តកណ្តាលផងដែរ ៕




ដោយ / គ្រី សម្បត្តិ