លោកជំទាវម៉ែន នារីសោភ័គ ៖ កាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រី និងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លង ជំងឺរាតត្បាតនានា និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
(ភ្នំពេញ)៖ លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយខាងផ្នែកសុខភាពស្ត្រីនិងកុមារ សុខភាពមនុស្សចាស់ ជំងឺឆ្លង ជំងឺរាតត្បាតនានា និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។
លោកជំទាវម៉ែន នារីសោភ័គ បានលើកឡើងបែបនេះ ក្នុងពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ដល់និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ៣៦០នាក់ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។
លោកជំទាវម៉ែន នារីសោភ័គ បានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ គឺជាដំណើរឈានឆ្ពោះទៅការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងចុះអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។ ជាមួយគ្នានេះ គោលបំណងដែលជ្រើសរើសយុវជន ក្នុងវគ្គផ្សព្វផ្សាយដោយហេតុផលថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ហើយដែលបញ្ហានៃការច្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»។
លោកជំទាវ មានការជឿជាក់ថា ចំណេះដឹងដែលបានផ្តល់ជូនក្មួយៗនិស្សិតនាពេលនេះ ពិតជាមានគុណតម្លៃ ហើយក្មួយៗនិស្សិតទាំងអស់នឹងក្លាយជាមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូ សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថា ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យផងដែរ ព្រោះក្មួយៗនិស្សិតទាំងអស់ ជាធនធានមនុស្ស ដែលមានទាំងសមត្ថភាព ជំនាញ បំនិនជីវិត និងមានសុខភាពល្អ។
លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានប្រគល់ជូនប័ណ្ណសរសើរ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលបានផ្តល់ទីកន្លែង និងអនុញ្ញាតឱ្យនិស្សិតបានចូលរួមកម្មវិធីនាពេលនេះ ព្រមទាំងបានប្រគល់ជូនសៀវភៅថ្នាក់ដឹកនាំសម្រាប់ទុកសិក្សាស្រាវជ្រាវពីសំណាក់និស្សិតផងដែរ ៕
ដោយ / គ្រី សម្បត្តិ