សម្តេច ហេង សំរិន ៖ សូមសមាជិក សមាជិកាទាំងអស់ នៃរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សហការគ្នា អនុវត្តសកម្មភាពការងារឱ្យស្របទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបង្ហាញជំនឿយ៉ាងមុតម៉ាំថា សមាជិក សមាជិកាទាំងអស់ នៃរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បន្តស្មារតីសាគ្គីភាព និងសហការគ្នាអនុវត្តសកម្មភាព ការងារឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងមហាសន្និបាត រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាអធិបតី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងជាអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ក្នុងរយៈពេលជិត២ទសវត្សកន្លង មកនេះ ចាប់ពីមហាសន្និបាត លើកទី៥មក រណសិរ្យ បានបំពេញតួនាទីយ៉ាងសកម្ម បម្រើការងារចលនាមហាជន ដោយអនុវត្ត គោលនយោបាយ មហាសាមគ្គី ឯកភាពជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ទាំងក្នុងនិងក្រៅប្រទេស ទទួលបានលទ្ធ ផលយ៉ាងល្អប្រសើរ ស្របតាមកម្មវិធីគោលនយោបាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃ កម្ពុជា ជាប្រមុខដឹកនាំ។

សម្តេច ហេង សំរិន មានជំនឿយ៉ាងមុតមាំថា សមាជិក សមាជិកាទាំងអស់នៃមហាសន្និបាត ដែលជាតំណាងដ៏ឧត្តុង្គឧត្តម មកពីគ្រប់មជ្ឈដ្ឋាន នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវសមិទ្ធផលសម្រេចបាន នឹងខិតខំបំពេញ បន្ថែមនូវចំនុចខ្វះខាត ដែលពុំទាន់បានបំពេញ និងពុំទាន់បានដោះស្រាយ ជាពិសេសសូមបន្តស្មារតីសាគ្គីភាពនិងសហការគ្នាគ្រប់ផ្នែក គ្រប់ថ្នាក់ដោយអនុវត្តសកម្មភាពការងារ របស់ខ្លួនឲ្យស្រប ទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះ កម្ពុជា។
សម្តេចញាចក្រី បានបញ្ជាក់ថា៖ រណសិរ្សគ្រប់ថ្នាក់ មានសាមគ្គីភាពល្អ និងបានខិត ខំបំពេញការងារចលនាមហាជន យ៉ាង សកម្មក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ព្រមទាំងរួមចំណែកអភិវឌ្ឍអង្គការរណសិរ្យ ឲ្យមានដំណើរការ និងសម្រេចបានសមិទ្ធផលល្អប្រសើរគួរជាទីមោទន ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ