សិស្សកម្រិតបឋមសិក្សា ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការជ្រោមជ្រែងពីជប៉ុន

(ភ្នំពេញ)៖ សិស្សានុសិស្សចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី៥ កំពុងសិក្សាក្នុងសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតក្នុងរាជធានីភ្នំពេញ ចាប់ផ្ដើមរៀនសរសេរកូដតាមកុំព្យូទ័រ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ JICA នៃប្រទេសជប៉ុន និងកម្មវិធី Think Think ។

លោក ស៊ុណុសិ កិអ៊ុកុមារា អ្នកស្ម័គ្រចិត្តជួយបង្រៀនសរសេរកូដដល់កុមារកម្ពុជា បានលើកឡើងថា ទោះបីជាសិស្សទាំងអស់នេះមានអាយុតិចមែន ប៉ុន្តែពួកគេអាចរៀនសរសេរកូដបានក្នុងកម្រិតដំបូង ដែលការបង្រៀនគឺឥតគិតថ្លៃ ខណៈគម្រោងនេះមិនមែនជួយបង្រៀនតែក្នុងសាលាព្រះនរោត្តមមួយនោះទេ គឺចង់បង្រៀននៅគ្រប់សាលាទូទាំងប្រទេសកម្ពុជា រួមទាំង នឹងនាំសិស្សនិស្សិត ឬអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន ដែលមានជំនាញលើផ្នែកឌីជីថល មកជួយបង្រៀនបន្ថែមផងដែរ។

លោកបានបន្ថែមថា ក្រៅពីបង្រៀនសិស្សតូចៗ លោកនឹងហ្វឹកហាត់បង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគេអាចយកចំណេះដឹងផ្នែកឌីជីថលនេះ ទៅបង្រៀនបន្តដល់កូនសិស្ស នៅពេលដែលលោកត្រូវត្រឡប់ទៅប្រទេសជប៉ុនវិញ ។

កញ្ញា ហេង សៀមណៃ នាយិកាមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន នៃសាលាបឋមសិក្សាព្រះនរោត្តម បានឲ្យដឹងថា កម្មវិធីនេះធ្វើឡើងតាមបែបស្ដង់ដារ នៃប្រទេសជប៉ុន ហើយការឈានដល់ចាប់ផ្ដើមបង្រៀនសរសេរកូដ ដល់សិស្សានុសិស្សតូចៗទាំងអស់នេះ ព្រោះគេអាចចាប់បាននូវមេរៀនផ្នែកឌីជីថលនេះ ដែលបានចាប់ពីដំណើរការអស់រយៈពេល ៤ខែមកហើយ នៅសាលាបឋមសិក្សាព្រះនរោត្តមនេះ ដែលជាសាលាសាធារណៈរបស់រដ្ឋដំបូងគេ ត្រូវបានអនុវត្តន៍នូវកម្មវិធីនេះ ។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានគាំទ្រដោយស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ក៏ដើម្បីខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ហើយក៏ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់កាលទី១ ក្នុងការពង្រឹងបន្ថែមនូវជំនាញឌីីជីថល ដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យស្របតាមការរីកចម្រើនរបស់ពិភពលោក ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner