រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីគ្រូហិរិញ្ញវត្ថុ គិតគូរពិចារណា ក្នុងការផ្ដល់ឥណទានដែលមានការអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់ប្រជាកសិករ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង (ខេមបូឌា) ម.ក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់ឥណទានរបស់ធនាគារវីង (ខេមបូឌា) ម.ក សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម នាទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញក្តីសោមនស្សរីករាយដែលអ្នកឧកញ៉ា គិត ម៉េង បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម និងធនាគារវីង ដោយធនាគារនេះព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ ៧ ទៅ ៨ភាគរយក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។
ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ ជាជោគជ័យថ្មីមួយទៀតក្នុងការជួយដល់ប្រជាកសិករ ក៏ដូចជាអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅធ្វើយ៉ាងណា លើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានលឿនទៅមុខមួយកម្រិតទៀត ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារវីង ជំនួសប្រជាកសិករ សហគមន៍ និងសហគ្រាសតូច ធំ មួយចំនួនទៀត ដែលធ្វើការលើកកម្ពស់លើវិស័យកសិកម្ម ដែលនឹងទទួលបានទំហំកម្ចីពីធនាគារវីងប្រមាណជា៥លានដុល្លារ ក្នុងអត្រាការប្រាក់ទាប។
អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្ដិទី៧ ដើម្បីជំរុញ និងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា ព្រមទាំងជីវភាពរបស់ប្រជាជន ឱ្យកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀត ។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីគ្រូហិរិញ្ញវត្ថុនានា គិតគូរពិចារណា ក្នុងការផ្ដល់ឥណទានដែលមានការអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់ប្រជាកសិករ សម្រាប់ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មផងដែរ៕



ប្រភព ៖ ក្រសួងកសិកម្ម