សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មបម្រើការងារចលនាមហាជន

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលជិត២ទសវត្យកន្លងមកនេះ ចាប់ពីមហាសន្និបាតលើកទី៥មក រណសិរ្យបានបំពេញតួនាទីយ៉ាងសកម្មបម្រើការងារចលនាមហាជន ដោយអនុវត្តគោលនយោបាយ មហាសាមគ្គី ឯកភាព ជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់ជំនឿសាសនា គ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយទាំងក្នុងនិងក្រៅប្រទេស ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ស្របតាមកម្មវិធីគោលនយោបាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ការបញ្ជាក់នេះ ក្នុងពិធីបើកមហាសន្និបាតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿយ៉ាងមុតមាំថា៖ សមាជិក សមាជិកាទាំងអស់នៃមហាសន្និបាត ដែលជាតំណាងដ៍ឧត្តុង្គឧត្តម មកពីគ្រប់មជ្ឈដ្ឋាន នឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវសមិទ្ធផលសម្រេចបាន នឹងខិតខំបំពេញបន្ថែមនូវចំនុចខ្វះខាត ដែលពុំទាន់បានបំពេញ នឹងពុំទាន់បានដោះស្រាយ ជាពិសេសសូមបន្តស្មារតីសាគ្គីភាពនិងសហការគ្នាគ្រប់ផ្នែក គ្រប់ថ្នាក់ដោយអនុវត្តសកម្មភាពការងាររបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ទៀតថា រណសិរ្សគ្រប់ថ្នាក់ មានសាមគ្គីភាពល្អ និងបានខិតខំបំពេញការងារចលនាមហាជនយ៉ាងសកម្មក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ព្រមទាំងរួមចំណែកអភិវឌ្ឍអង្គការរណសិរ្យឱ្យមានដំណើរការនិងសម្រេចបានសមិទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សូមបញ្ជាក់ថា៖ទិសដៅការងាររណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្រាប់អនុវត្តឆ្នាំបន្ត គឺបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ សំដៅប្រមូលផ្ដុំកម្លាំងរបស់ប្រជាជាតិខ្មែរទាំងមូល ទាំងធនធានមនុស្ស ទាំងសម្ភារៈ បរិក្ខារ ព្រមទាំងភាពអនុគ្រោះនៃកត្តាខាងក្រៅ ដើម្បីអភិវឌ្ឍន៍មាតុភូមិឱ្យរីកចម្រើនជឿនលឿន (សម្បូរ សប្បាយ ក្នុងសន្តិភាព សេរីភាព ប្រជា ធិបតេយ្យ យុត្តិធម៌ និងភាពថ្លៃថ្នូរ)។

ដើម្បីឈានទៅសម្រេចគោលបំណងនេះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាគ្រប់ថ្នាក់ ត្រូវខិតខំអនុវត្តទិសដៅការងារធំៗ បន្តផ្សព្វផ្សាយ បំផុសចលនាមហាជន ប្រជាជន ឱ្យមើលឃើញ និងចងចាំជានិច្ចនូវរាល់ស្នាដៃធំៗ ប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការសង្គ្រោះប្រជាជនឱ្យរស់រានមានជីវិត នាថ្ងៃ ៧មករា ១៩៧៩ ទប់ស្កាត់មិនឱ្យរបបដ៏អប្រិយ៍កើតឡើងវិញ និងបានធ្វើឱ្យអង្គការចាត់តាំងនៃរបបប្រល័យពូជសាសន៍រលំរលាយទាំងស្រុង បង្កើតបានស្ថិរភាពពេញលេញនៅទូទាំងប្រទេស ព្រមទាំងបានដឹកនាំគ្រប់គ្រងប្រទេសជាតិ និងប្រជាជនឱ្យ មានការរីកចម្រើនតាមដំណាក់កាលនីមួយៗ រហូតមកដល់សព្វថ្ងៃ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេលេក្រាមសម្តេចតេជោ ហ៊ុន សែន

ads banner