ផ្ទះសម្បែងរាប់ពាន់ខ្នងលិចក្រោមទឹក បន្ទាពីទឹកជំនន់វាយប្រហារប្រទេសវៀតណាម
ហាណូយ៖ ទីក្រុងបុរាណ ហ្វេ (Hue) របស់វៀតណាម ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ នៅថ្ងៃពុធសប្តាហ៍នេះ បានលិចនៅក្រោមទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចលំនៅដ្ឋានអស់រាប់ពាន់ខ្នង និងកាត់ផ្តាច់ផ្លូវហាយវេជាច្រើន។
លោក Vu An ជាប្រជាជនម្នាក់រស់នៅក្នុងទីក្រុងហ្វេ បានប្រាប់សារព័ត៌មាន AFP ថា ទីក្រុងបេតិកភណ្ឌពិភពលោកមួយនេះ ត្រូវបានទឹកជន់លិចគ្រប់ទីកន្លែង បន្ទាប់ពីទឹកជំនន់បានហក់ឡើងយ៉ាងលឿនចាប់តាំងពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ខណៈការផ្គត់ផ្គង់ថាមពលត្រូវបានកាត់ផ្តាច់នៅទូទាំងទីក្រុង។ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកខេត្តជាច្រើនរបស់ប្រទេសវៀតណាម ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
អាជ្ញាធរបាននិយាយនៅថ្ងៃពុធនេះថា មនុស្សច្រើនជាង ២,០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្តក្វាងទ្រី ភាគកណ្តាល ជាកន្លែងដែលមនុស្ស ៣នាក់កំពុងបាត់ខ្លួន។ ផ្នែកខ្លះនៃផ្លូវជាតិដែលតភ្ជាប់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាមបានបិទការធ្វើចរាចរណ៍ ព្រោះតែការបាក់ដីបង្កឡើងពីទឹកជំនន់។
គួរបញ្ជាក់ថា ប្រទេសវៀតណាមតែងតែទទួលរងនូវអាកាសធាតុអាក្រក់ក្នុងរដូវវស្សា នៅចន្លោះខែមិថុនា ដល់ខែវិច្ឆិកា។ ក្រុមអ្នកព្យាករណ៍បាននិយាយថា កម្រិតទឹកអាចនៅតែខ្ពស់ក្នុងរយៈពេលពីរថ្ងៃបន្ទាប់ មុនពេលប្រសើរឡើងនៅចុងសប្តាហ៍នេះ។ យោងតាមតួលេខផ្លូវការបានបង្ហាញថា គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់ និងការរអិលបាក់ដី បានបណ្តាលឲ្យមនុស្សមានស្លាប់ និងបាត់ខ្លួនប្រមាណ ១៣៦នាក់នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ។ អ្នកវិទ្យាសាស្ត្រក៏បានព្រមានដែរថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំងនៅទូទាំងពិភពលោក កាន់តែមានសភាពធ្ងន់ធ្ងរ និងញឹកញាប់ឡើងៗ ដោយសារការប្រែប្រួលអាកាសធាតុ៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា