អធិការបតីអាល្លឺម៉ង់៖ អ៊ីស្រាអែលមានសិទ្ធិគ្រប់យ៉ាង ដើម្បីការពារខ្លួនប្រឆាំងនឹងក្រុមហាម៉ាស
ប៊ែរឡាំង៖ មេដឹកនាំអាល្លឺម៉ង់បានថ្លែងអះអាងថា អ៊ីស្រាអែលមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងវាយប្រហារយុទ្ធជនសកម្មរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។
ថ្លែងក្នុងសន្និសិតកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស នៅទីក្រុងប៊ែរឡាំង ក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថា ក្រុមហាម៉ាស គឺជាអង្គការភេរវករ ហេតុដូច្នេះអ៊ីស្រាអែលមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីការពារខ្លួនប្រឆាំងនឹងពួកជ្រុលនិយមនេះ ក៏ដូចជាវាយប្រហារទៅលើយុទ្ធជនសកម្មរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

លោកថា វាជារឿងមិនអាចទទួលយកបានទេ ដែលក្រុមហាម៉ាស់គួរតែមានឱកាសបង្កើតឡើងវិញ ឬប្រមូលផ្តុំអាវុធ ហើយបើកការវាយប្រហារលើអ៊ីស្រាអែល។ នោះហើយជាមូលហេតុដែលយើងច្បាស់លាស់លើបញ្ហានេះ ហើយឈរនៅខាងអ៊ីស្រាអែល។ នាឱកាសនោះដែរ នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស បានគូសបញ្ជាក់ថា ប្រទេសរបស់យើងទាំងពីរ (ក្រិក-អាល្លឺម៉ង់) មានភាពច្បាស់លាស់… យើងចង់បំបែកក្រុមភេរវករហាម៉ាស់ ចេញពីប្រជាជនប៉ាឡេស្ទីន។
ហើយជាការពិតណាស់… យើងបង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងឡើងរបស់យើង អំពីជម្លោះនៅតំបន់ហ្គាហ្សា និងវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើង។ ទន្ទឹមគ្នា យើងក៏គាំទ្រការផ្តល់ជំនួយស៊ីវិលទាំងអស់ផងដែរ តាមរយៈការផ្អាកបាញ់មនុស្សធម៌ និងបើកច្រករបៀងផ្តល់ជំនួយស្បៀងអាហារ និងថ្នាំពេទ្យដល់ប្រជាជនអាហ្គាហ្សា។

សូមបញ្ជាក់ថា ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅថ្ងៃទី០៧ ខែតុលា នៅលើទឹកដីអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១,២០០នាក់។ ជាការសងសឹកវិញនោះ អ៊ីស្រាអែលបានវាយប្រហារឥតឈប់ឈរជាច្រើនសប្តាហ៍ទៅលើតំបន់ហ្គាហ្សាស្ទ្រីបដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយមន្ត្រីនៅទីនោះនិយាយថា បានសម្លាប់មនុស្សជាង ១១,៣០០នាក់ ហើយរាប់ពាន់នាក់គឺជាកុមារ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា