សម្តេចតេជោ ហ៊ុន សែន៖ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រមូលផ្តុំមកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រីហេង សំរិន, សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងរូបសម្តេចផ្ទាល់ រួមទាំងថ្នាក់ដឹកនាំដទៃទៀត បានតស៊ូរំជាតិមាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ។ អង្គការរណសិរ្សក៏បានរៀបចំអង្គការចាត់តាំង និងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋអំណាចប្រជាជន ក្នុងការប្រមូលផ្តុំមកម្លាំងមហាសាមគ្គីជាតិ ប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ហើយបានខិតខំស្តារខឿនសេដ្ឋកិច្ច-សង្គម ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយជីវភាពប្រជាជនដែលជួបការលំបាក។ ការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែន ក្នុងពិធីបើកមហាសន្និបាតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បន្ទាប់ពីជ័យជម្នះ ៧ មករា កម្ពុជាសម្រេចបានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងប្រវត្តិសាស្ត្រ គឺបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីការហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថាជាវាលពិឃាត ជាតំបន់អសន្តិសុខ និងជាចំការមីនដែលគេភ័យខ្លាចគ្រប់គ្នា បានក្លាយទៅជារដ្ឋអធិបតេយ្យ និងឯករាជ្យ ដែលមានសន្តិភាព នីតិរដ្ឋ និងស្ថេរភាពនយោបាយ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា កម្ពុជាដែលពីមុនធ្លាប់ត្រូវបានហ៊ុព័ន្ធ និងឯកកោ ទាំងនយោបាយ និងសេដ្ឋិច្ច ឥឡូវមានសមាហរណកម្មពេញលេញក្នុងរចនាសម្ព័ន្ធ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកលលោក ក៏ដូចជាការការពារសន្តិភាពនៃសកលលោក។ ភាពអធិកអធមនៃអង្គមហាសន្និបាតបានឆ្លុះបញ្ចាំងនៅការរួបរូមជាតិជាធ្លុងមួយ ដើម្បីលើកស្ទួយអង្គការរណសិរ្សឱ្យកាន់តែរីកចម្រើន និងទូលំទូលាយ រួមចំណែកជាមួយរាជរដ្ឋាភិបាល រក្សាបាននៅសុខសន្តិភាព ស្ថេរភាព សុខដុមរម្យនា និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។
សម្តេចតេជោ បានលើកឡើងថា សមិទ្ធផលលើគ្រប់វិស័យដែលអង្គការរណសិរ្សសម្រេចបានកន្លងមកនេះ សូមកោតសរសើរនោងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រណសិរ្សគ្រប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានដឹកនាំកន្លងមកឲ្យមានការដំណើរការអភិវឌ្ឍ និងរីកចម្រើនគួរជាទីមោទនៈ៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន




