កម្ពុជា-ចិន បង្ហាញជំហររួមគ្នាក្នុង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងភាគីចិនបង្ហាញការប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន លើគ្រប់វិស័យមានជាអាទិ៍ ការទូត ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងអប់រំ ជាពិសេសជំនួយរបស់ភាគីចិននៅក្នុងអំឡុងពេលវិបត្តិន ជំងឺកូវីដ ១៩។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កាវ ជាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន និងសហការី នារសៀលថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ បានលើកឡើងពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាព រួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ព្រមទាំងបេសកកម្ម ផែនការការងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន លោកប្រធានក្រុមប្រឹក្សាភិបាល អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពី « ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច » ទៅជា « ក្រសួងអធិការកិច្ច ” ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន ដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ឯកឧត្តម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលភាគីទាំងពីរ។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ លោកប្រធានក្រុមប្រឹក្សាភិបាល បន្តជួយគាំទ្រសម្ភារៈ មួយចំនួនដែលសមាគមបានជួយនាពេលកន្លងមក និងស្នើសុំពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្ន រវាងក្រសួងអធិការកិច្ច និងសមាគមកម្ពុជា ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ ដែលផ្តោតជាអាទិ៍លើ អាហារូបករណ៍ វគ្គបណ្តុះបណ្តាល និងជំនួយសម្ភារៈបច្ចេកវិទ្យាផ្សេងៗ។
ជាការឆ្លើយតប លោក កាវ ជាន បានបង្ហាញពីគោលបំណង សកម្មភាព ដៃគូសហការរបស់សមាគម និងការផ្តល់អាហារូបករណ៍ផ្សេងៗដល់កម្ពុជា កម្រិតមធ្យមសិក្សា២កន្លែង ឧត្តមសិក្សា២៥០កន្លែង និងគាំទ្រជំនួយអប់រំ (Smart Classroom) ចំនួន៦៥សាលា ជាសាលាមិត្តភាពកម្ពុជា-ចិន សម្រាប់ខួបទំនាក់ទំនង៦៥ឆ្នារវាងកម្ពុជា-ចិន។ លោកប្រធានក្រុមប្រឹក្សាភិបាល រីករាយស្វាគមន៍ទទួល យកសំណើខាងលើ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ








