លោក បៃដិន ជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី មុនជួបលោក ស៊ី ជីនពីង

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជួបពិភាក្សាគ្នាមួយកាលពីដើមសប្តាហ៍នេះនៅមុនការរៀបចំជំនួបលើកដំបូងរវាងលោក បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។ បើយោងតាមកាលវិភាគ លោក បៃដិន គ្រោងនឹងជួបលោក ស៊ី នៅថ្ងៃពុធនេះ។

គួរដឹងដែរថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយដោយលោក បៃដិន បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅសេតវិមាន មុនពេលពួកគេធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ដែលកំពុងប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី១១ ដល់ទី១៧ ខែវិច្ឆិកា។

សហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ីក៏បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក៏ដូចជាវិស័យសន្តិសុខតាមអ៊ីនធឺណិត លំហអាកាស សមយុទ្ធរួម និងសុវត្ថិភាពនុយក្លេអ៊ែរជាដើម។ ពួកគេក៏បានសហការគ្នាលើគោលដៅអាកាសធាតុ ដោយផ្តោតលើការលើកកម្ពស់បណ្តាញអគ្គិសនី និងគុណភាពខ្យល់។

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសទាំងពីរកំពុងសហការគ្នាលើកិច្ចព្រមព្រៀងអំពីសារធាតុនីកែលដែលជាលោហៈប្រើក្នុងអាគុយរថយន្តអគ្គិសនី។ យ៉ាងណាក៏ដោយ រដ្ឋបាលលោក បៃដិន មានការប្រុងប្រយ័ត្នខ្លាំងចំពោះស្តង់ដារបរិស្ថានសង្គម និងអភិបាលកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយកំពុងសិក្សាពីរបៀបដែលកិច្ចព្រមព្រៀងនេះអាចធ្វើទៅបានដោយត្រឹមត្រូវតាមស្តង់ដារ។

លោក បៃដិន និងលោក ចូកូវី ក៏បានព្រមព្រៀងគ្នាបង្កើតផែនការសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើរ៉ែសំខាន់ៗ។ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើង ឥណ្ឌូណេស៊ីនឹងធ្វើការផ្គត់ផ្គង់សារធាតុរ៉ែសម្រាប់អាគុយរថយន្តអគ្គិសនីទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) ដែលលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេបានបញ្ចប់ទៅ។

លោកស្រី រ៉េតណូ បាននិយាយថា ពួកគេបានយល់ព្រមចាប់ផ្តើមផែនការភាពជាដៃគូផ្លាស់ប្តូរថាមពល (JETP) ដែលអាមេរិកនឹងដាក់ចេញមូលនិធិដែលមានទំហំទឹកប្រាក់ប្រមាណ ២០ ប៊ីលានដុល្លារអាមេរិក ដើម្បីជួយឥណ្ឌូណេស៊ីក្នុងការសម្អាតផ្នែកថាមពលរបស់ខ្លួន។ ដូចគ្នានេះផងដែរ ឥណ្ឌូណេស៊ីបានស្នើសុំការបន្តប្រព័ន្ធអនុគ្រោះទូទៅ ដែលជាអត្ថប្រយោជន៍ពាណិជ្ជកម្មសម្រាប់ការនាំចេញរបស់ឥណ្ឌូណេស៊ីដែលបានផុតកំណត់កាលពីឆ្នាំ២០២០។

លើសពីនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានស្នើឲ្យប្រធានាធិបតីអាមេរិក ជួយដោះស្រាយបញ្ហាជម្លោះរវាងក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងអ៊ីស្រាអែល ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ដោយឥណ្ឌូណេស៊ីបានសម្ដែងការព្រួយបារម្ភពីអំពើហិង្សាដែលកំពុងកើតមាននៅហ្កាហ្សា ដែលត្រូវអ៊ីស្រាអែលទម្លាក់គ្រាប់បែកអស់រយៈពេលជាងមួយខែមកនេះ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានស្នើឱ្យឥណ្ឌូណេស៊ីដើរតួនាទីកាន់តែលេចធ្លោក្នុងការរក្សាស្ថិរភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែឥណ្ឌូណេស៊ីហាក់មានការប្រុងប្រយ័ត្នខ្លាំងចំពោះការចូលពាក់ព័ន្ធនឹងបញ្ហានេះ ដោយសារតែប្រទេសនេះមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយប្រទេសចិន ហើយក៏មិនចង់ធ្លាក់ចូលក្នុងអន្ទាក់ប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនផងដែរ។

ជាការកត់សម្គាល់ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកបានបង្កើនទំនាក់ទំនងល្អផ្នែកការទូតរបស់ពួកគេដល់កម្រិតខ្ពស់បំផុតក្នុងអំឡុងពេលកិច្ចប្រជុំនេះ។ មេដឹកនាំប្រទេសទាំងពីរក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរដឹងដែរថា លោក ចូកូវី ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីតាំងពីឆ្នាំ២០១៤ នឹងត្រូវចាកចេញពីតំណែងនៅឆ្នាំក្រោយនេះ ដោយសារតែលោកត្រូវផុតអាណត្តិបន្ទាប់បានកាន់តំណែងអស់រយៈពេលពីរអាណត្តិមកហើយ៕ ប្រែសម្រួល៖ ធា សុណា

ads banner