បណ្ដាក្រុមហ៊ុនអឺរ៉ុប ជំរុញឱ្យចិនផ្តល់ភាពច្បាស់លាស់បន្ថែមលើច្បាប់ស្ដីពីការផ្ទេរទិន្នន័យ
អឺរ៉ុប៖ ក្រុមអ្នកទទួលបន្ទុកធុរកិច្ចនៅអឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃពុធថាបណ្ដាក្រុមហ៊ុនអឺរ៉ុបជំរុញឱ្យប្រទេសចិនផ្តល់ភាពច្បាស់លាស់បន្ថែមលើនិយមន័យនៃពាក្យគន្លឹះដែលមានក្នុងច្បាប់ផ្ទេរទិន្នន័យឆ្លងដែនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សភាពាណិជ្ជកម្មអឺរ៉ុបក្នុងប្រទេសចិន បានអំពាវនាវឱ្យអាជ្ញាធរផ្តល់និយមន័យច្បាស់លាស់ សម្រាប់ទាំងពាក្យ «ទិន្នន័យសំខាន់» និង«ព័ត៌មានផ្ទាល់ខ្លួន» ដូចមានរៀបរាប់ក្នុងច្បាប់របស់ចិន ហើយក៏បានជំរុញឱ្យមានការបន្ធូរបន្ថយបទប្បញ្ញត្តិមួយចំនួន ដែលបានប្រកាសនៅក្នុងខែកញ្ញា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
របាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបនិយាយថា ៖ «ច្បាប់ គោលការណ៍ណែនាំ និងវិធានការជាច្រើនខ្វះភាពជាក់លាក់ ដែលបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរលើប្រតិបត្តិការ និងការអនុលោមតាមច្បាប់សម្រាប់ក្រុមហ៊ុនអ៊ឺរ៉ុបដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន»។ ស្ថាប័នដដែលបន្ថែមថា លក្ខខណ្ឌដូចជាកម្រិតនៃការវាយតម្លៃសុវត្ថិភាពបទប្បញ្ញត្តិ គឺទាបពេក ជាពិសេសសម្រាប់ក្រុមហ៊ុនពហុជាតិធំៗ។
ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានរឹតបន្តឹងច្បាប់ទិន្នន័យចំពេលដែលលោកប្រធានាធិបតី ស៊ី ជិនពីង បង្កើនការយកចិត្តទុកដាក់លើសន្តិសុខជាតិ ហើយក្រុមហ៊ុនបរទេសបារម្ភថា ការខ្វះភាពច្បាស់លាស់របស់ច្បាប់ស្ដីពីទិន្នន័យអាចធ្វើឱ្យពួកគេរងហានិភ័យ។
ភាពច្របូកច្របល់ក្នុងចំណោមអ្នកវិនិយោគបរទេសនៅក្នុងប្រទេសចិន បានកើនឡើងក្នុងឆ្នាំមុនដោយសារតែការកំណត់គោលដៅលើក្រុមហ៊ុនសាជីវកម្មជាបន្តបន្ទាប់ ដែលភាគច្រើនលើក្រុមហ៊ុនប្រឹក្សាយោបល់។
របាយការណ៍របស់សភាពាណិជ្ជកម្មបានបន្លឺឡើងនូវការអត្ថាធិប្បាយថ្មីៗពីមន្ត្រីគណៈកម្មការអឺរ៉ុប ដែលបាននិយាយកាលពីខែកញ្ញាថា ក្រុមហ៊ុនអាជីវកម្មអឺរ៉ុបមានការព្រួយបារម្ភជាពិសេសចំពោះកង្វះភាពច្បាស់លាស់នៅក្នុងច្បាប់ទិន្នន័យរបស់ចិន។
ចិនឯណោះវិញ បាននិយាយនាពេលកន្លងមកថា ខ្លួនកំពុងពិចារណាលើការលើកលែងការវាយតម្លៃសុវត្ថិភាពផ្ទេរទិន្នន័យសម្រាប់សកម្មភាពដូចជាពាណិជ្ជកម្មអន្តរជាតិ កិច្ចសហប្រតិបត្តិការផ្នែកសិក្សា ការផលិតឆ្លងដែន និងទីផ្សារដែលមិនមានព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗ។ ជំហានបែបនេះ ទទួលបានស្វាគមន៍ពីសភាពាណិជ្ជកម្មបរទេស។
ការស្ទង់មតិដែលរ៉យទ័រដកស្រង់បានបង្ហាញថា ប្រភេទទិន្នន័យទូទៅបំផុតដែលក្រុមហ៊ុនអឺរ៉ុបផ្ទេរទៅក្រៅប្រទេស គឺជាព័ត៌មានផ្ទាល់ខ្លួនរបស់និយោជិតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផ្គត់ផ្គង់ និងអតិថិជន ដោយ ៩៦ ភាគរយត្រូវបានបញ្ជូនទៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន និងការិយាល័យក្នុងតំបន់ផ្សេងទៀត។ ១/៣នៃក្រុមហ៊ុនបានបង្ហាញថា ខ្លួននឹងធ្វើឱ្យពួកគេចំណាយលុយច្រើនលានអឺរ៉ូ ដើម្បីរក្សាទុកទិន្នន័យរបស់ខ្លួននៅក្នុងប្រទេសចិន ប្រសិនបើពួកគេបរាជ័យក្នុងការវាយតម្លៃសុវត្ថិភាពផ្ទេរទិន្នន័យឆ្លងដែន៕ ប្រែសម្រួល៖ ហួន ឌីណា