អង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូងបារម្ភថា ចិននិងរុស្ស៊ីកំពុងផ្តល់ជំនួយដល់កូរ៉េខាងជើង
អាមេរិក៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិកបានលើកឡើងថា បណ្តាប្រទេសដែលកំពុងឃ្លាំមើលការអនុវត្តបទឈប់បាញ់នៃសង្គ្រាមនៅឧបទ្វីបកូរ៉េមានការព្រួយបារម្ភអំពីប្រទេសចិន និងរុស្ស៊ី ដែលហាក់ដូចជាកំពុងផ្ដល់ជំនួយដល់កូរ៉េខាងជើងក្នុងការពង្រីកកម្លាំងយោធា ដែលជាមធ្យោបាយដើម្បីគេចវេសពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ប្រទេសសមាជិកអង្គការសហប្រជាជាតិជាច្រើន និងកូរ៉េខាងត្បូង បានសន្យារួមគ្នាប្រឆាំងនឹងការឈ្លានពាន ឬការវាយប្រហារណាមួយពីកូរ៉េខាងជើងទៅលើកូរ៉េខាងត្បូងដែលអាចនឹងកើតមានឡើង។ ការសន្យារួមគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយនៅទីក្រុងសេអ៊ូល ដែលមានការចូលរួមដោយ លោក អូស្ទីន និងមន្ត្រីការពារជាតិមកពីបណ្ដាប្រទេសចំនួន ១៧ ដែលបង្កើតបានជាគណៈបញ្ជាការអង្គការសហប្រជាជាតិ (UNC) ទទួលខុសត្រូវលើការត្រួតពិនិត្យ និងឃ្លាំមើលបទឈប់បាញ់។
លោក អូស្ទីន បានលើកឡើងឈ្មោះផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងកូរ៉េខាងជើងចំៗថា ៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសចិន និងរុស្ស៊ីកំពុងផ្តល់ជំនួយដល់ប្រទេសកូរ៉េខាងជើង ក្នុងការបង្កើនសមត្ថភាពយោធា ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ទីក្រុងវ៉ាស៊ីនតោនក៏ធ្លាប់ចោទប្រកាន់កូរ៉េខាងជើងថាបាននិងកំពុងផ្តល់សព្វាវុធដល់រុស្ស៊ីដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយថារុស្ស៊ីកំពុងជួយកូរ៉េខាងជើងក្នុងការអភិវឌ្ឍសមត្ថភាពយោធា។ យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និងរុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនេះ ប៉ុន្តែពួកគេបានសន្យាថានឹងធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតលើបញ្ហាយោធា។
នៅពេលត្រូវបានសាកសួរអំពីការលើកឡើងរបស់ លោក អូស្ទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយតបថា ៖ «សេចក្តីថ្លែងការណ៍ទាំងនេះមិនមានភស្តុតាង និងមិនអាចយកជាបានឡើយ។ កន្លងមកនេះ សេចក្តីថ្លែងការណ៍នីមួយៗដែលបានធ្វើឡើង គឺកាន់តែធ្វើឲ្យភាពជឿជាក់រួមនៃការអះអាងរបស់ពួកគេធ្លាក់ចុះខ្សោយ»។
បន្ថែមលើនេះ ប្រទេសចិនដែលជាសម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង បានអះអាងថាខ្លួនកំពុងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងអន្តរជាតិដែលមាន។ ដោយឡែក សេចក្តីថ្លែងការណ៍រួមមួយរបស់បញ្ជាការអង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូងបានថ្កោលទោសកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងថាជាកម្មវិធីខុសច្បាប់ ហើយប្តេជ្ញាថាពួកគេនឹងធ្វើការឆ្លើយតបចំពោះសកម្មភាពឈ្លានពាន ឬការវាយប្រហារណាមួយដែលអាចនឹងកើតឡើងនាពេលអនាគត។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉នស៊ីក (Shin Won-sik) បានព្រមានក្រុងព្យុងយ៉ាងប្រឆាំងនឹងសកម្មភាពអរិភាពណាមួយ ដោយលោកបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងឥឡូវនេះជាសមាជិករបស់អង្គការសហប្រជាជាតិ មិនដូចកាលពីឆ្នាំ១៩៥០ នៅពេលដែលសង្រ្គាមកូរ៉េបានចាប់ផ្តើមនោះទេ។
លោក ស៊ីន បានសង្កត់ធ្ងន់ថា ៖ «ក្នុងករណីមានការវាយប្រហាររបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូង នោះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសមាជិកភាពរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ ហើយប្រទេសណាក៏ដោយដែលគាំទ្រកូរ៉េខាងជើងក្នុងទង្វើបែបនេះ នឹងត្រូវប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ»។
គួររំឭកថា ប្រទេសចិន និងសហភាពសូវៀតធ្លាប់បានគាំទ្រកូរ៉េខាងជើងក្នុងអំឡុងពេលសង្គ្រាមនៅឧបទ្វីបកូរ៉េ ហើយចិន និងកូរ៉េខាងជើងគឺជាហត្ថលេខីនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយបញ្ជាការអង្គការសហប្រជាជាតិផងដែរ។ រីឯប្រទេសសមាជិកនៃបញ្ជាការរបស់អង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី និងតួកគី ក៏ធ្លាប់បានផ្តល់ជំនួយផ្នែកយោធា និងផ្នែកវេជ្ជសាស្ត្រដល់កូរ៉េខាងត្បូងក្នុងអំឡុងពេលសង្គ្រាមនៅឧបទ្វីបកូរ៉េចន្លោះឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ផងដែរ។
បង្កើតឡើងក្នុងឆ្នាំ១៩៥០ បន្ទាប់ពីសង្គ្រាមកូរ៉េ ទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) ដឹកនាំដោយមេបញ្ជាការយោធាអាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានប្រទេសកូរ៉េខាងជើង ចាត់ទុកជាថាស្ថាប័ននេះជាឧបករណ៍របស់សហរដ្ឋអាមេរិក ប្រើប្រាស់ដើម្បីឈ្លានពានប្រទេសដទៃ។ កូរ៉េខាងជើងក៏បានអំពាវនាវឱ្យរំលាយស្ថាប័នមួយនេះចោល ដើម្បីបញ្ចៀសសង្រ្គាមកើតឡើងសារជាថ្មីនៅឧបទ្វីបកូរ៉េ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានប្ដេជ្ញារួមកម្លាំងគ្នាប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង តាមរយៈសមយុទ្ធយោធារួមគ្នា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុនផងដែរ។ ពួកគេក៏បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសន្ទនាដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េទៀតផង៕ ប្រែសម្រួល៖ ធា សុណា