បក្សប្រឆាំងតៃវ៉ាន់ស្វែងរករួបរួមគ្នា ដើម្បីយកឈ្នះបក្សកាន់អំណាចក្នុងការបោះឆ្នោតប្រធានាធិបតី

តៃប៉ិ៖ គណបក្សប្រឆាំងសំខាន់ៗចំនួនពីររបស់កោះតៃវ៉ាន់ ដែលប្រកាន់គោលនយោបាយចរចាជាមួយចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធដើម្បីធ្វើការសម្រេចចិត្តរួបរួមគ្នាក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនាខែមករាខាងមុខ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បញ្ហាជាមួយចិនដែលចាត់ទុកកោះតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន បានក្លាយជាបញ្ហាស្នូលធំមួយគ្របដណ្ដប់លើការបោះឆ្នោតសភា និងប្រធានាធិបតីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ បច្ចុប្បន្ន ចិនបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ ដើម្បីឱ្យតៃវ៉ាន់ទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន ជាអ្វីដែលកោះតៃវ៉ាន់ច្រានចោលដាច់អហង្ការ ដោយរដ្ឋបាលនៃរដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន។

បើតាមរ៉យទ័រ ការរួបរួមរបស់គណបក្សប្រឆាំងនឹងធ្វើឡើង ក្រោយការស្ទង់មតិបង្ហាញថា អនុប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បាននាំមុខជាប្រចាំលើសំឡេងគាំទ្រពីប្រជាជន។ ផ្ទុយទៅវិញ គណបក្សប្រឆាំងសំខាន់ៗរួមមាន គណបក្ស Kuomintang (KMT) របស់លោក Hou Yu-ih និងគណបក្សប្រជាជនតៃវ៉ាន់(TPP) របស់លោក Ko Wen-je បានឈរនៅលេខរៀងបន្តបន្ទាប់។

ចាប់តាំងពីខែមុនមក គណបក្ស KMT និង TPP បានពិភាក្សាគ្នាលើការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីរួម ប៉ុន្តែបានបរាជ័យលើការសម្រេចចិត្ត ថាតើអ្នកណាគួរតែជាបេក្ខជនប្រធានាធិបតី និងអ្នកណាគួរតែជាដៃគូសម្រាប់ដំណែកអនុប្រធានាធិបតី។

បន្ទាប់ពីកិច្ចពិភាក្សាដែលរៀបចំដោយអតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou ដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់របស់ KMT មួយរូប គណបក្សទាំងពីរបាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាប្រើការស្ទង់មតិដែលរៀបចំឡើងចន្លោះពីថ្ថៃទី៧-១៧ ខែវិច្ឆិកា ធ្វើជាលទ្ធផលដើម្បីសម្រេចចិត្តរួបរួមគ្នាឈរឈ្មោះ។

លោក Hou នៃបគណបក្ស Kuomintang បានប្រាប់អ្នកយកព័ត៌មានដោយសំដៅទៅលើថាតើអ្នកណាទទួលបានតំណែងបេក្ខជនប្រធានាធិបតី និងអ្នកណាទទួលបានអនុប្រធានាធិបតី ថា៖ «មិនថាអ្នកណាជាអ្នកដឹកនាំ និងអ្នកណាជាអនុប្រធាននោះទេ អ្នករាល់គ្នានឹងសហការគ្នា»។

លោក Hou បាននិយាយទៀតថា ការរួបរួមគ្នារវាងបក្ស KMT និងបក្ស TPP នឹងបង្រួបបង្រួមតៃវ៉ាន់។

គួរបញ្ជាក់ថា ប្រទេសចិនបានកាត់ផ្តាច់ការចរចាជាទម្លាប់ជាមួយតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតី ត្សៃ អ៊ិនវ៉ិន នៃគណបក្ស DPP ចូលកាន់តំណែងក្នុងឆ្នាំ ២០១៦។ គណបក្សរបស់លោកស្រីប្រកាន់ជំហរតឹងរឹងប្រឆាំងចិន ខណៈគណបក្សប្រឆាំងទាំង២ បានប្តេជ្ញាបន្តការសន្ទនាជាមួយប្រទេសចិនដោយឈរលើមូលដ្ឋានស្មើភាព និងសេចក្តីថ្លៃថ្នូរ និងស្តារសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ឡើងវិញ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner